កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមនឹងមន្ត្រីជំនាញមួយចំនួនទៀត បានអញ្ជើញចុះទៅកាន់ស្រុកកំពង់លែង ដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ២៦ សជណ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ករណីសំណើរបស់ប្រជាពលរដ្ឋស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបានស្នើសុំកាត់ឆ្វៀល និងអាស្រ័យផលលើទីតាំងដីតំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាសាស្ត្រ ខេត្តកំពង់ឆ្នាំង ។

សជណ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ដូចខាងក្រោម ៖១ .អនុញ្ញាត ឲ្យប្រជាពលរដ្ឋដែលធ្លាប់ប្រើប្រាស់និងអាស្រ័យផលក្នុងតំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្រ្តស្រុកកំពង់លែង បានប្រើប្រាស់ អាស្រ័យផលបណ្តោះអាសន្នមួយរដូវ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ ដោយតម្រូវឲ្យធ្វើកិច្ចសន្យាជាមួយអាជ្ញាធរឃុំ ស្រុក ខេត្ត ។
២. បង្កើតក្រុមការងារអន្តរក្រសួង ដឹកនាំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះត្រួតពិនិត្យវាយតម្លៃ អំពីស្ថានភាព នៃកិរិយាកាន់កាប់ដី និងអាស្រ័យផលជាក់ស្តែងនៅក្នុងតំបន់៣ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការស្នើសុំសម្រួលព្រំតំបន់៣ ឆ្លើយតបតម្រូវការចាំបាច់ចំពោះមុខ និងដំណើរវិវឌ្ឍន៍ របស់សង្គមជាតិ ។
៣. គណៈបញ្ជាការឯកភាពខេត្ត ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ត្រូវបន្តប្រើប្រាស់កម្លាំងសរុបតាមការចាំបាច់ ដោយមានកិច្ចសហការ ពីគណៈកម្មាធិការបង្ក្រាបបទល្មើស ធនធានធម្មជាតិ និងសមត្ថកិច្ចពាក់ព័ន្ធចុះអនុវត្តច្បាប់ចំពោះជនទាំងឡាយណា ដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដើម្បីពង្រឹងប្រសិទ្ធិភាពការងារគ្រប់គ្រងដីតំបន់ព្រៃលិចទឹក នៃតំបន់ទន្លេសាប ៕











