កំពង់ឆ្នាំង ៖ នៅថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងទី២២ ខែកញ្ញា ឆ្នាំ២០២១ ដែលត្រូវជាថ្ងៃកាន់បិណ្ឌវេនទី១ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងព្រមទាំងសមាជិក សមាជិការក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត មន្រ្តីរាជការ និង ប្រជាពុទ្ធិបរិស័ទ្ធ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តអារញ្ញការាម ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
នៅក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១នេះ ឯកឧត្តម ឡុង ឈុនឡៃ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ ព្រមទាំងមន្ត្រីរាជការ បាននាំយកនូវចង្ហាន់ ទ័យ្យវត្ថុ និង បច្ច័យមួយចំនួន ទៅវេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តអារញ្ញការាម និង មួយផ្នែកសម្រាប់ទុកកសាងសមិទ្ធិផលនានានៅក្នុងទីអារាមផងដែរ ។
ថ្នាក់ដឹកនាំ មន្ត្រីរាជការ បានធ្វើពិធីរាប់បាតព្រះសង្ឃ ដើម្បីឧទ្ទិសកុសល្យផលបុណ្យជូនដល់វិញ្ញាណក្ខន្ធជីដូន ជីតា និង ញ្ញាត្តិការទាំង៧សណ្តាន ដែលបានចែកឋានទៅលោកខាងមុខ និង ឧទ្ទិសកុស្យជូនដល់វិញ្ញាណក្ខន្ធ បុព្វបុរសយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ព្រមទាំងប្រជាពលរដ្ឋស្លូតត្រងដែលបានបាត់បង់ជីវិត ក្នុងរបបអាវខ្មៅប៉ុលពត ។
គួរបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដែលប្រជាជនខ្មែរចាត់ទុកថាធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ ព្រោះពិធីនេះមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃ១រោច ដល់ ១៥រោច ខែភទ្របទ។ ពីថ្ងៃ១រោច ដល់ ១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ថ្ងៃ១៥រោច គេហៅថាថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថាជាថ្ងៃជួបជុំគ្នាចុងក្រោយនៃពិធីបុណ្យកាន់បិណ្ឌ៕

និវឌ្ឍន៍










