កំពង់ឆ្នាំង៖ នៅថ្ងៃដំបូងនៃការបើកតំបន់ទេសចរណ៍ នៅក្នុងខេត្តកំពង់ឆ្នាំង ឡើងវិញក្រោយពីបិទមួយរយះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវិដ១៩ មានភ្ញៀវមកលេងជាង៨ពាន់នាក់ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកសេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ ។

លោក សេង សាលី បានឲ្យដឹងថា តំបន់ទេសចរណ៍ធម្មជាតិនិងសួនកំសាន្តទាំងអស់ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានបិទផ្អាកដំណើររយះពេល១០ថ្ងៃគឺចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវិដ១៩ ។ ហើយនៅថ្ងៃទី៧ តុលា ដែលជាថ្ងៃដំបូងនៃការបើកឲ្យដំណើរការឡើងវិញ មានភ្ញៀវទេសចរណ៍ជាតិមកលេងមានចំនួន៨ ១១៦នាក់ ។ ក្នុងនោះរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល ដែលមានទីតាំង ស្ថិតក្នុងឃុំជៀប ស្រុកទឹកផុស មានភ្ញៀវមកលេងច្រើនជាងគេមានចំនួន២ ៩៧៥នាក់ ។

លោកសេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅតាមតំបន់ទេសចរណ៍និមួយៗ រៀបចំបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងទេសចរណ៍ និង ក្រសួងសុខាភិបាល។ លោកប្រធានមន្ទីរក៏បានអំពាវនាវផងដែរ ដល់ភ្ញៀវទេសចរណ៍ ដែលមកលេងកំសាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្តកំពង់ឆ្នាំង ត្រូវចូលរួមអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិេសសគឺ៣កុំនិង៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ៕


