កំពង់ឆ្នាំង ៖ បទល្មើសនេសាទរបាំងស្បៃមុងនិងរបាំងសាច់អួនក្ររឡាញឹកចំនួន២៧កន្លែង ត្រូវបានកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល សហការជាមន្ត្រីអាជ្ញាធរ សហគមន៍នេសាទ និង កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបជាបន្តបន្ទាប់នៅក្នុងសប្តាហ៍កន្លងទៅ ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក ងិន ហ៊ុន ប្រធានមន្ទីរមសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ។

លោកប្រធានមន្ទីរបានឲ្យដឹងថា កន្លងទៅមន្រ្តីជំនាញរដ្ឋបាលជលផល តែងតែបានសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល ដល់ប្រជានេសាទ ដែលរស់នៅតាមដងទន្លេនិងបានចុះបង្ក្រាបបទល្មើសនេសាទដែលមាននៅតាមតំបន់មួយចំនួន ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ប៉ុន្តបទល្មើសនេសាទនៅតែកើតមាន នេះគឺអាស្រ័យដោយមានជនខិលខូចមួយចំនួន ដែលពួកគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតពីភាពវិនាសហិនហោចនៃមច្ឆជាតិឡើយ ។

លោក ងិន ហ៊ុន បានបញ្ជាក់ឲ្យដឹងថា នៅក្នុងរយះពេលមួយសប្តាហ៍កន្លងទៅនេះកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល សហការជាមន្ត្រីអាជ្ញាធរ សហគមន៍នេសាទ និងកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបទល្មើសនេសាទបានចំនួន២៧កន្លែង ក្នុងនោះរបាំងស្បៃមុងចំនួន២១កន្លែង ប្រវែង៥៤០ម៉ែត្រ,លូចំនួន២១មាត់,បង្គោលចំនួន២២០ដើម និង ចាក់លែងត្រីចម្រុះចំនួន១៣០គីឡូក្រាម ។ របាំងសាច់អួនចំនួន៦កន្លែង ប្រវែង៦០០ម៉ែត្រ,លូចំនួន១២មាត់,បង្គោលចំនួន៣០០ដើម និងចាក់លែងត្រីចម្រុះចំនួន២០គីឡូក្រាម ៕











