សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ៖ ការ​អភិវឌ្ឍ​កំពង់​ផែ​ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​សាប​និង​ប្រៃ​ជា​អាទិ​ភាព​មួយ​​ដែល​មិន​អាច​ចោល​បាន​ ក្នុង​យុទ្ធ​សាស្រ្ត​បញ្ច​កោណ​

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ការអភិវឌ្ឍកំពង់ផែទឹកជ្រៅជាអាទិភាពដ៏មានសារសំខាន់មួយដែលមិនអាចចោលបាន ក្នុងយុទ្ធសាស្រ្តបញ្ចកោណ” ។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ចំណត​ផែកុងតឺន័រទឹកជ្រៅជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃ ២៤៣លានដុល្លារ។
    សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “យើងនឹងពង្រឹងកំពង់ផែនៅខេត្តព្រះសីហនុនេះ ឱ្យក្លាយជាកំពង់ផែបំរើដល់តំបន់តែម្តង មិនមែនសំរាប់តែកម្ពុជាយើងទេ។
    សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យការដឹកជញ្ជូនគឺអាចធ្វើទៅបានទឹកតាមផ្លូវសមុទ្រ និងផ្លូវទឹកសាប ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា” ការធ្វើពាណិជ្ជកម្មផ្លូវទឹកនៅតែសំខាន់”។ សម្តេចធិបតី ហ៊ុន ម៉ាណែតក៏បានឱ្យធ្វើការសិក្សាលម្អិតបន្ថែមទៀត លើការពង្រីកកំពង់ផែទឹកសាបរបស់កម្ពុជាបន្ថែមទៀត ជាពិសេសសិក្សាលើយុទ្ធសាស្រ្ដ និងបរិមាណនៃទំហំពាណិជ្ជកម្ម និងតម្រូវការរបស់កម្ពុជា។ទាក់ទងនឹងការអភិវឌ្ឍនេះ សម្តេចធិបតី បានបញ្ជាក់ដែរថា “រាជរដ្ឋាភិបាលបើកផ្លូវឱ្យវិស័យឯកជនចូលរួមចំណែកលើការងារនេះដែរ កន្លែងខ្លះក៏ត្រូវឯកជនជាអ្នកគ្រប់គ្រង រដ្ឋ និងឯកជនដើរទន្ទឹមគ្នា”។
    សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន ជប៉ុនដែលបានផ្ដល់គ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ដែលមានតម្លៃជិតដប់បួនលានដុល្លារ និង ថវិកាសម្រាប់សាងសង់កំពង់ផែទឹកជ្រៅព្រះសីហនុជំហានទី១ ដែលមានតម្លៃ២៤៣លានដុល្លារ។
    សូមជំរាបថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែក គាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ បើយើងពិនិត្យមើលអំពីបរិមាណ ទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង