កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅសាលាឃុំពង្រ ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាល និងចែកអំណោយជូនដល់ចាស់ជរា ជនពិការ និងគ្រួសារមានជីវភាពខ្វះខាតជួបការលំបាកចំនួន ២៥៣គ្រួសារ ។ ពិធីសំណេះសំណាល និងចែកអំណោយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកស្រី គ្រី សារ៉ន ប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព លោកស្រី ប៊ន សុភី អភិបាលរងខេត្ត និងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះគ្រូសរណធវិចិត្រធម្ម ហឿម សុវណ្ណារ៉ា ទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តគីរីធម្មរាជ(ហៅវត្តភ្នំតារូងតារាជ) លោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ លោក គង់ រិទ្ធា ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ ក្រុងប៉ោយប៉ែត រួមជាមួយក្រុមការងារ និងស.ស.យ.ក.ស្រុក អាជ្ញាធរឃុំ ភូមិ គណៈកម្មការវត្ត ប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានោះ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ពីវិធានការការពារខ្លួនពីជំងឺផ្សេងៗ ពិសេសជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក ត្រូវតែប្រុងប្រយ័ត្ន និងអនុវត្តតាមគោលកាណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ ដើម្បីចូលរួមទាំងអស់គ្នាកុំឱ្យកើតមានជំងឺកូវីដ១៩ ទាំងនៅក្នុងគ្រួសារ និងសហគមន៍យើង។
គួរបញ្ជាក់ថា អំណោយដែលបានចែកជូនក្នុងឱកាសនោះ គឺវក្នុង១គ្រួសារៗ ទទួលបាន អង្ករ ១៥គីឡូក្រាម អំបិល១គីឡូ ស្ករស ០,៥០ គីឡូ ប៊ីចេង១គីឡូ ទឹកត្រី ២ដប ទឹកស៊ីអ៉ីវ ២ដប ត្រីខ ៥កំប៉ុង មី ១៥កញ្ចប់ ទឹកផ្លែឈើ ៣កំប៉ុង សៀង ១ដប ទឹកដោះគោ ១កំប៉ុង ឆៃប៉ូវ ០,៥០គីឡូ និងថវិកា ១ម៉ឺរៀល។
ពិធីសំណេះសំណាល និងចែកអំណោយ រៀបចំឡើងដោយព្រះគ្រូសរណធវិចិត្រធម្ម ហឿម សុវណ្ណារ៉ា ទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃកម្ពុជា និងជាព្រះចៅអធិការវត្តគីរីធម្មរាជ(ហៅវត្តភ្នំតារូងតារាជ) ដោយមានការចូលរួមសហការពីក្រុមការងារសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ រួមនឹងគណៈកម្មការវត្តគីរីធម្មរាជ៕