កំពង់ឆ្នាំង៖ អំណោយមនុស្សធម៌របស់គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខត្តកំពង់ឆ្នាំង មានអង្ករ និង គ្រឿងឧបភោគបរិភោគ ត្រូវបានឯកឧត្តមអម សុភា ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និង លោកជំទាវប៊ន សុភី អនុប្រធានគណកម្មាធិកាសាខា នាំយកទៅចែកជូន ដល់គ្រួសារចាស់ជរាគ្មានទីពឹង១៥គ្រួសារនៅក្នុងឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។
អំណោយដែលត្រូវចែកជូនដល់ គ្រួសារចាស់ជរានាពេលនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ,មី១កេស ,ត្រីខ១០កំប៉ុង ,មុង ០១, ភួយ ០១ ,ក្រមា ០១, សារុង ០១ សាប៊ូ ២ដុំ ទឹកត្រី/ទឹកស៊ីអ៊ីវ ១យួរ, សាប៊ូលាងចាន ៤ដប (២លីត្រ ជាអំណោយរបស់អនុសាខាកក្រក ស្រុករលាប្អៀរ) និងថវិកា ៤០,០០០រៀល ។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពរដ្ឋនាឱកាសនោះ ឯកឧត្តមអម សុភា បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តមឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសគណ:កម្មាធិការសាខា និង ជាពិសេស ការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់និងគិតគូរជានិច្ចចំពោះសុខមាលភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។
ឯកឧត្តមអម សុភា ក៏បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបង្ការ នទប់ស្កាត់ ជម្ងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក ដោយអនុវត្តឲ្យបានជាដាច់ខាតតាមការណែនាំរបស់ក្រសួងសុខាភិបាល និង ត្រូវរក្សានូវអនាម័យបីប្រការគឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ព្រមទាំងរក្សានូវគម្លាតសុវត្ថិភាព និង ពាក់ម៉ាស់ជាប្រចាំ ។