សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សន្តិសុខថាមពល និងឯករាជ្យថាមពលគឺជាគោលដៅរបស់រាជរដ្ឋាភិបាល។

សម្តេចមានប្រសាសន៍នៅក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ មានអានុភាព ១៥០ម៉េហ្គាវ៉ាត់ នៅស្រុកថ្មបាំងខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្តេចបន្តថាយើងដាក់គោលដៅធ្វើយ៉ាងណាដើម្បីជំរុញវិស័យអគ្គិសនីមិនត្រឹមតែដោះស្រាយសម្រាប់ប្រជាពលរដ្ឋត្រូវការសាកទូរសព្ទនោះទេ គឺបើកឲ្យកូនរៀនពេលយប់ ត្រូវការធ្វើអាជីវកម្មស្រួល ជាជាងប្រើប្រាស់ម៉ាស៊ីនភ្លើង និងទិញភ្លើងពីឯកជន។

សម្តេចបន្តថាសន្តិសុខថាមពលនេះសំខាន់ណាស់ ព្រោះយើងមិនអាចពឹងដង្ហើមគេដករហូតនោះទេ បើសិនជាយើងមិនមានសមត្ថភាពខ្លួន ឯងយើងនឹងជួបគ្រោះថ្នាក់ ដូច្នេះយើងខិតខំជាពិសេសអភិវឌ្ឍន៍វិស័យថាមពលគឺមិនមែនតែការកសាងវារីអគ្គិសនីទេ វារីអគ្គិសនីជាប្រភពមួយផលិតមានតម្លៃថោក។
សម្តេច បន្តទៀតថា ប្រសិនថាមពលតម្លើងថ្លៃ យើងមានលទ្ធភាពទប់បាន។ សម្តេចបន្ថែមថាបើយើងគ្មានសន្តិសុខថាមពល យើងក៏មិនមានសន្តិសុខសេដ្ឋកិច្ច និងជីវភាពនោះដែរ។សេដ្ឋកិច្ចរបស់យើងមួយភាគធំគឺពឹងផ្អែកទៅលើថាមពលអគ្គិសនីនេះហើយ អញ្ចឹងការធានាសន្តិសុខថាមពលគឺត្រូវតែធ្វើបន្តព្រោះវាសំខាន់ណាស់៕