កំពង់ឆ្នាំង ៖ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បានសម្រេចឲ្យបិទផ្លូវ ដែលបានធ្វើការពង្រីកនាំឲ្យប៉ះពាល់ជើងប្រាសាទស្លុតី ឬប្រាសាទថ្នមប្តីដោយកំណត់ឲ្យធ្វើវាងជំនួសវិញ ។

ការសម្រេចបែបនេះ ធ្វើឡើងក្នុងខណៈពេលដែលលោកប្រធានមន្ទីរ ដឹកនាំមន្ត្រីជំនាញរួមនឹងមន្ត្រីអាជ្ញាធរចុះទៅពិនិត្យមើលជាក់ស្តែងនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ។

លោក សុខ ធួក បានឲ្យដឹងថា ពីមុនផ្លូវនេះជាផ្លូវរទេះតូចទេ ប៉ុន្តែកាលពីពេលថ្មីៗនេះ អាជ្ញាធរបានធ្វើការអភិវឌ្ឍន៍ ដោយពង្រីកផ្លូវឲ្យធំជាងមុន ។ តែដោយពិនិត្យឃើញប៉ះពាល់ដល់ជើងប្រាសាទ ទើបសម្រេចបិទ និងឲ្យចាក់ដីលប់បំពេញដូចដើមវិញ ហើយឲ្យធ្វើផ្លូវវាងទៅខាងលិចប្រាសាទ ដែលមានចម្ងាយជាង៥០ម៉ែត្រជំនួសវិញ ។

សូមបញ្ជាក់ថា ប្រាសាទស្លុតី ឬ ប្រាសាទថ្នមប្តីជាប្រាសាទសង់លើទីទួលមួយក្បែរជំរាលនៃភ្នំទូកមាស ស្ថិតនៅក្នុងភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ប្រាសាទថ្នមប្តីកសាងឡើងពីឥដ្ឋក្រហមក្នុងសម័យបុរេអង្គរ មានប្រាង្គបីស្ថិតនៅទន្ទឹមគ្នាបែរមុខទៅទិសខាងកើត តែប្រាង្គកណ្តាលត្រូវបានខូចខាតអស់ទាំងស្រុង នៅសល់តែតួប្រាង្គពីរទេ ដែលកំពុងប្រឈមនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ៕










