កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និង មានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ លោកវរ:សេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងការិយាល័យជំនាញ និង កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ចុះបង្រ្កាបករណីរក្សាទុក ជួញដូរ និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ។
ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះ១.ឈ្មោះយឺន ចេក ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ២.ឈ្មោះសាន ពិសី ភេទស្រី អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរកម្មការនី រស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ (មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៧៣/២០ ពីបទផ្តល់ទីតាំងជួញដូរ និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន។ ៣.ឈ្មោះចាន់.ភក្តី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុហកំពង់ឆ្នាំង។
លោកវរ:សេនីយ៍ឯក ហ៊ុល វាសនា ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានវត្ថុតាង ថ្នាំញៀនចំនួន៥កញ្ចប់ស្មើ(៤,៧២g) ទូរសព្ឌ័ចំនួន២គ្រឿងឧបករណ៍វេចខ្ចប់ និង សម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យកំពុងសាកសួនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីយកចម្លើយ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនិតិវិធី ៕ និវឌ្ឍន៍










