ក្រោយទទួលតំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌៊មាន, ឯកឧត្តម នេត្រ ភក្ត្រា បានប្រកាសថា ឯកឧត្តម នឹងឆ្លៀតពេលចុងសប្តាហ៍ ដើម្បីចំណាយពេលវេលាបង្រៀនមន្ត្រីនាយកដ្ឋានព័ត៌មាន ពីរបៀបសរសេរព័ត៌មានប្រកបដោយគុណភាព សំខាន់ ខ្លី ខ្លឹម និងខ្លាំង។

ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ។

នាឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានសម្តែងការកោតសរសើរចំពោះ មន្ត្រីរាជការនាយកដ្ឋានព័ត៌មាន ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ តាមតួនាទីរៀងៗខ្លួនៗ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
សូមជម្រាបថា មុននឹងមកទទួលតំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា គឺជាអ្នកសារព័ត៌មានកម្ពុជា ១រូប ពោលពេញដោយសក្តានុពល និងធ្លាប់បម្រើការងារលើវិស័យព័ត៌មាននៅតាមស្ថាប័នជាច្រើន ព្រមទាំងបានវិវត្តន៍ខ្លួនទៅជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម និងបានទទួលតំណែងជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរិបស្ថាន រហូតទទួលបានតំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ៕










