កំពង់ឆ្នាំង ៖ ឯកឧត្តម ឡឹក សុធា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទបានអំពាវនាវឲ្យប្រជាកសិករ នៅក្នុងខេត្តកំពង់ឆ្នាំង ឲ្យបង្កើនការដាំដុះដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗទៀត ឲ្យបានច្រើនដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រូសារ ។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានថ្លែងអំពាវនាវ ទៅកាន់ប្រជាកសិករបែបនេះ នៅក្នុងពិធីចែកអង្ករដល់ប្រជាពលរដ្ឋចំនួន២ ៧២៩គ្រួសារ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ និងការរីករាលដាល នៃជំងឺកូវិដ ១៩ នារសៀលថ្ងៃ១១ ខែសីហា ឆ្នាំ២០២៣ ។
ឯកឧត្តម ឡឹក សុធា បានថ្លែងថា ប្រជាកសិករត្រូវបង្កើនការដាំដុះឲ្យបានច្រើនទាំងដំណាំស្រូវ និងដំណាំរួមផ្សំផ្សេវៗទៀត ។ហើយការដាំដុះត្រូវចេះជ្រើសរើសពូជដែលល្អ មានតម្លៃខ្ពស់ និងតម្រូវការទីផ្សារ ទើបលក់បានថ្លៃខ្ពស់ ។
ឯកឧត្តម បានបន្តទៀតថា រាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់គិតគូ និងស្វែងរកជំនួយដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាត និងរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ។
លោក អម សុភា អភិបាលរង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អំណោយជាអង្ករដែលត្រូវបាននាំយកមកចែកជូនដល់ប្រជាពលរដ្ឋចំនួន ២ ៧២៩ គ្រួសារនាពេលនេះ ជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយះក្រសួងកសិកម្ម ដោយក្នុង១គ្រួសារ ទទួលបានអង្ករ១បាវ ស្មើនឹង ៣០គីឡូក្រាម ៕