កំពង់ឆ្នាំង៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ គឺជាខួបលើកទី១៨ឆ្នាំ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ដូចរៀងរាល់ឆ្នាំដែរ ក្រៅពីបានកំណត់ជាថ្ងៃបុណ្យជាតិ ទាំងក្រុមប្រឹក្សា គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជារាស្ត្រទូទាំងខេត្តកំពង់ឆ្នាំង សុទ្ធតែបានផ្ញើសារលិខិតថ្វាយព្រះពរព្រះអង្គ ក្នុងឱកាសដ៏មហានក្ខត្តរិកនេះ ។


កាលពីថ្ងៃទី២៩ តុលា ២០០៤ ព្រះអង្គ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិដែលមានសមាសភាព៩អង្គ/រូប ជ្រើសតាំងជាព្រះមហាក្សត្រ បន្តពីព្រះបិតាដែលបានដាក់រាជ្យ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤ ។ ព្រះរាជពិធីរាជាភិសេក ព្រះអង្គជាផ្លូវការ ត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះញាតិវង្ស ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីរាជការ និងភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ៕
