ខេត្ដកំពង់ឆ្នាំង ៖ពិធីបុណ្យរដូវរំហើយ គឺជាព្រឹត្តិការណ៍មហាជនប្រចាំរដូវរំហើយ ក្នុងប្រទេសកម្ពុជា ស្របនឹងពេលវេលាដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បាននិងកំពុងប្រមូលផលស្រូវ ដាល់អំបុក បង្ហើរខ្លែង និងសកម្មភាពអបអរសប្បាយ ទទួលអំណរក្នុងរដូវថ្មី នៅតាមភូមិ ស្រុកនានា ។

នេះជាឆ្នាំទី២ហើយ ដែលមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន បានរៀបចំ និងឧបត្ថម្ភកម្មវិធីដាល់អំបុក ដោយឡែកនៅឆ្នាំនេះ បានរៀបចំជាព្រឹត្តិការណ៍បុណ្យរដូវរំហើយ ដោយរួមបញ្ចូលទាំងពិធីដាល់អំបុក និង ពិធីបង្ហើរខ្លែងឯកខ្មែរ និងខ្លែងគ្រប់ប្រភេទ ការសម្ដែង របាំបុរាណប្រចាំតំបន់ របាំប្រជាប្រិយ ចាប៉ីដងវែង ល្ខោន ល្បែងប្រជាប្រិយ និងទម្រង់សិល្បៈចម្រុះ ផ្សេងទៀត។ ការរៀបចំនេះទទួលបាន ការសហការពី មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង និងគាំទ្របច្ចេកទេសដោយ ភ្លើងគប់ ។

គោលបំណង នៃការរៀបចំពិធីបុណ្យនេះ គឺចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយ ពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងលើកស្ទួយ ថែរក្សា និងអភិរក្ស នូវប្រពៃណី ទំនៀមទម្លាប់ពីបុរាណជាយូរលង់ណាស់មកហើយ។ តាមរយៈ បុណ្យរដូវ រំហើយ នឹងបង្ហាញ នូវ ភាពទាក់ទាញថ្មីៗ ដែលកំពុងកើតមានក្នុងទឹកដី នៃស្រុក កំពង់លែងជារួម និងនិយាយដោយឡែក ការការពារ និងអភិរក្ស តំបន់ប្រើប្រាស់ច្រើនយ៉ាង «ភ្នំនាងកង្រី-ភ្នំទូកមាស» ស្ថិតក្នុងឃុំពោធិ័និងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយកំពុងសហការជាមួយក្រសួងបរិស្ថាន,ការការពារ និងបង្កើនវត្តមានសត្វព្រៃក្នុងតំបន់ និងការការពារព្រៃឈើ ជីវៈចម្រុះ,គម្រោងរៀបចំវត្តអារាមគំរូលើផ្ទៃដីជាង ១០ហិកតា,មណ្ឌលវិបស្សនា,មណ្ឌលពុទ្ធិកសិក្សា,សួនសេចក្តីស្រលាញ់,កន្លែងកំសាន្តលំហែរ,កន្លែងជិះកង់,កន្លែងបោះតង់ និងកន្លែងទាក់ទាញអេកូទេសចរណ៍ ទេសចរណ៍បុរាណដ្ឋាន និងទេសចរណ៍សហគមន៍ ជាដើម ។
ពិធីបុណ្យរដូវរំហើយ ចាប់ផ្តើមប្រារព្ធនៅក្នុងទឹកដីនៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ និងទី១៨ ខែធ្នូ ។ ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី នាព្រឹកថ្ងៃទី១ (១៧ធ្នូ) មានការដើរក្បួនដង្ហែរភោគផលរដូវរំហើយ ដោយមានអ្នកចូលរួមចំនួនប្រមាណ៥០០នាក់ ចែកចេញជា ១២ផែន រួមមាន៖ ផែនឆាយាំ,ផែនគណៈអធិបតី, ផែនភ្ញៀវកិត្តិយស, ផែនគណៈមេប្រយោគ, ផែនអ្នកហែរភោគផល, ផែនក្រុមការងារគណៈកម្មការមន្ទីរ និងក្រសួង, ផែនសិល្បៈករ, ផែនបេក្ខជនប្រកួតដាល់អំបុក, ផែនបេក្ខជនប្រកួតបង្ហើរខ្លែង, ផែនខ្លែងកិត្តិយសចំនួន៨០, ផែនសិស្សស្ម័គ្រចិត្ត និង រទេះគោដឹកភោគផលដំណាំជាដើម ។

ព្រឹត្ដិការណ៍ដ៏អធិកអធមនេះ ចាប់ផ្តើមជាមួយនឹងពិធីបើក ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ដកំពង់ឆ្នាំង លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន មន្រ្ដីនៅក្នុងខេត្ដ អ្នកសារព័ត៌មាន ព្រមទាំងប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែងផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋមកពីគ្រប់ទិសទីផងដែរ ។

លើសពីនេះទៅទៀត កម្មវិធីនាថ្ងៃទី១នេះ ក៏មានប្រកួតដាល់អំបុក ដែលជាដំណាក់កាលទីពីរ បន្ទាប់ពីការច្រូត បោកបែនស្រូវ នៅក្នុងព្រឹត្ដិការណ៍កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។ក្រុមខ្លាំងទាំង៨ នឹងមកប្រកួតគ្នា ដើម្បីទទួលបាននូវរង្វាន់ ដែលជ័យលាភីលេខ១ ទទួលបានថវិកា ៤លានរៀល លេខ២ ទទួលបានថវិកា ៣លានរៀល និងលេខ៣ ទទួលបានថវិកា ២លានរៀល។ សម្រាប់ក្រុមមិនបានទទួលជ័យលាភី ក្នុង១ក្រុម ទទួលបានថវិកា ១លានរៀល ដែលជារង្វាន់លួងចិត្តផងដែរ។

កាន់តែពិសេសនៅរាត្រីថ្ងៃដដែលនេះ នឹងមានការបង្ហោះគោមចំនួន២០២៣គោម និងការបាញ់កាំជ្រួចដ៏សម្បើម ដើម្បីស្វាគមន៍ឆ្នាំថ្មី ដែលនឹងឈានមកដល់នាពេលខាងមុខ។ បន្ទាប់ពីនេះ ក៏មានការប្រគុំតន្រ្ដី ដើម្បីផ្ដល់នូវភាពសប្បាយរីករាយ ការរាំលេងកម្សាន្ដ ជូនដល់អ្នកចូលរួមទាំងអស់ផង ពីសំណាក់តន្រ្ដីគ្រួសារត្រកូលខាត់ ទស្សនីយភាពស្រមោលបង្ហាញពីមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន ម្ចាស់ទឹកមួយផ្តិល កញ្ញា សុន ស្រីណុច ទស្សនីយភាពល្ខោនសៀក សំដែងដោយល្ខោន សៀកកម្ពុជាហ្វា និងសមាគមហ្វាពន្លឺសិល្បៈ និងអមដោយកម្មវិធីផ្សេងៗជាច្រើនទៀត។

ចូលដល់ថ្ងៃទី២ នៃបុណ្យរដូវរំហើយ នឹងមានកម្មវិធីប្រកួតបង្ហើរខ្លែងឯក មានចំនួន១០ក្រុម ដែលមកប្រកួតគ្នា ដើម្បីស្វែងរកនូវក្រុមដែលខ្លាំង ដោយជ័យលាភីលេខ១ ទទួលបានថវិកា ៤លានរៀល លេខ២ ទទួលបានថវិកា ៣លានរៀល និងលេខ៣ ទទួលបានថវិកា ២លានរៀល ហើយក្រុមមិនបានទទួលជ័យលាភី ក្នុង១ក្រុម ទទួលបានថវិកា ១លានរៀល ដែលជារង្វាន់លួងចិត្តផងដែរ។

នៅក្នុងរាត្រីបញ្ចប់នៃបុណ្យរដូវរំហើយ កាន់តែពិសេសដោយមានការបាញ់កាំជ្រួចដ៏សម្បើម និងមានប្រគុំតន្រ្ដី ដែលចូលរួមពីសំណាក់តារាចម្រៀងល្បីៗ ដូចជា អ្នកនាង មាស សុខសោភា កញ្ញា រ៉ាប៉ី និងក្រុមក្មេងខ្មែរ ដែលធ្វើឲ្យកម្មវិធីកាន់តែមានសប្បាយរីករាយ និងកក្រើកថែមទៀត។

សូមបញ្ជាក់ផងដែរថា ក្រៅពីសកម្មភាពដែលបានរៀបរាប់ខាងលើ បុណ្យរដូវរំហើយក៏មានកម្មវិធីផ្សេងៗទៀតដូចជា៖ ការបង្ហើរខ្លែងគ្រប់ប្រភេទលេងកម្សាន្ដ,ការសម្តែងរបាំប្រពៃណីក្នុងតំបន់,របាំបុរាណ,ចាប៉ីដងវែង,ល្ខោន ,អាយ៉ៃឆ្លើយឆ្លង,ការលេងល្បែងប្រជាប្រិយ ចំនួន ១៥ ប្រភេទ ,ការតាំងពិព័ណ៌ផលិតផលក្នុងសហគមន៍ និង ផ្សារបុណ្យរដូវរំហើយជាដើម ។

លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន បានមានប្រសាសន៍ថា មូលនិធិអ៉ឹង ហ្វោនដេហ្សិន បានគិតគូរនិងយកចិត្តទុកដាក់ខ្ពស់លើការលើកស្ទួយ ថែរក្សា និងអភិរក្ស ប្រពៃណី ទំនៀមទំលាប់ វប្បធម៌និងសិល្បៈពីដូនតា ហើយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នឹងត្រូវបន្តរៀបចំជារៀងរាល់ឆ្នាំ ។ លើសពីនេះក៏បានរៀបចំ កម្មវិធីប្រចាំឆ្នាំផ្សេងទៀតដូចជា សង្ក្រានភ្នំទូកមាស កាលពីខែមេសា ឆ្នាំ២០២២កន្លងទៅ ដោយបានរៀបចំយ៉ាងអធឹកអធម រយៈពេល ៣ថ្ងៃ នៅស្រុកកំពង់លែង ដែលមានមនុស្សចូលរួមប្រមាណ ១ម៉ឺន៥ពាន់នាក់។

លោកឧកញ៉ាបានបន្តថា មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តរៀបចំព្រឹត្តិការណ៍បុណ្យរដូវរំហើយ នេះ ឲ្យបានជារៀងរាល់ឆ្នាំ។ លើសពីនេះ នឹងរៀបចំឲ្យមានកម្មវិធីមហាជនផ្សេងទៀត ដូចជាការរត់ម៉ារ៉ាតុងជាដើម ក្នុងពេលសមស្រប ខាងមុខ។

មូលនិធិ អ៊ឹង ហ្វោនដេហ្ស៊ិន មានបេសកកម្មក្នុងលើកតម្កើងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដ៏ផូរផង់ដែលជាដួងព្រលឹងជាតិ ឲ្យមានភាពរស់រវើក និងជំរុញលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា ជនក្នុងតំបន់ស្រុកកំពង់លែង និងប្រជាជននៅជុំវិញតំបន់នេះ ដែលនឹងទទួលផលប្រយោជន៍ដោយផ្ទាល់ ពីការអភិរក្សការពារនានា និងការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិក្នុងតំបន់នេះ របស់មូលនិធិ។

ក្រៅពីការលើកតម្កើងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន បានផ្តោតលើកិច្ចការសង្គមផ្សេងៗជាច្រើន ទៀត រួមមាន ការអភិវឌ្ឍន៍សមត្ថភាពសិស្សានុសិស្សក្នុងស្រុកកំពង់លែង ការគាំទ្រដល់វិស័យពុទ្ធសាសនា ការចូលរួមថែរក្សាបរិស្ថាន ការការពារព្រៃឈើ ការពារនិងបង្កើនវត្តមានសត្វព្រៃនិងជីវៈចម្រុះ និងការ ចូលរួមក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ដូចជាផ្លូវថ្នល់ ទឹកស្អាត និង អនាម័យ ជាដើម។

ដោយសម្លឹងឃើញអំពីឱកាសនៃការបណ្ដុះបណ្ដាលថ្នាលធនធានមនុស្សក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ បានរៀបចំឱ្យមានការជ្រើសរើស យុវជនជាសិស្សានុសិស្សនៃវិទ្យាល័យកំពង់លែង ចំនួន១៥០នាក់ ធ្វើជាអ្នកស្ម័គ្រចិត្តសំរបសំរួលរៀបចំពិធីបុណ្យរដូវរំហើយ ដោយទទួលបានការបណ្តុះបណ្តាលពី ភ្លើងគប់ ជាក្រុមហ៊ុន មួយមានបទពិសោធន៍សំបូរបែប ក្នុងការរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌ប្រពៃណីបុរាណ ដែលយើងទាំងអស់គ្នាបានស្គាល់នោះគឺ « បុណ្យភូមិ »។

តាមរយៈការបណ្តុះបណ្តាលនេះ យុវសិស្សទាំងអស់ នឹងទទួលបានទាំងចំណេះដឹង ចំណេះធ្វើ និងឈានដល់ការដកបទពិសោធន៍ផ្ទាល់ក្នុងការរៀបចំកម្មវិធីកម្រិតស្តង់ដារដ៏ល្អមួយ ដែលជាចំណែកអភិវឌ្ឍន៍ ជំនាញរឹង និងជំនាញទន់ដ៏សំបូរបែបសម្រាប់ពួកគាត់។ នេះក៏ជាឱកាសដែលយុវសិស្សទាំងអស់អាចចាប់ផ្តើមគិតគូរ ពីអាជីពការងារនាពេលអនាគត បានយ៉ាងល្អផងដែរ ។

មូលនិធិ អុឹង ហ្វោនដេហ្ស៊ិន ជាមូលនិធិសប្បុរសធម៌ ដែលផ្តោតទៅលើការលើកតម្កើង ថែរក្សា និងអភិរក្ស វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងកិច្ចការសង្គមផ្សេងៗរួមមាន ការគាំទ្រដល់វិស័យអប់រំ ពុទ្ធសាសនា កិច្ចការ ចូលរួមថែរក្សាបរិស្ថាន ការពារព្រៃឈើ ការពារនិងបង្កើនវត្តមានសត្វព្រៃ និងជីវៈចម្រុះ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង «ភ្នំទូកមាស-កង្រី» និងការ ចូលរួមក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន ដូចជាផ្លូវថ្នល់ ទឹកស្អាត និងអនាម័យ ជាដើម។

គោលដៅរបស់មូលនិធិ គឺការជម្រុញ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសស្រុកកំពង់លែង និងតំបន់ជុំវិញ ដែលនឹងទទួលផលប្រយោជន៍ដោយផ្ទាល់ តាមរយៈគម្រោងរៀបចំឲ្យមានជាតំបន់ទេសចរណ៍សំបូរ បែប រួមមាន គម្រោងរៀបចំវត្តអារាមគំរូលើផ្ទៃដីជាង ១០ហិកតា,មណ្ឌលវិបស្សនា,មណ្ឌលពុទ្ធិកសិក្សា,សួនសេចក្តីស្រលាញ់,កន្លែងកំសាន្តលំហែរ,កន្លែងជិះកង់,កន្លែងបោះតង់ ,កន្លែងទាក់ទាញអេកូទេសចរណ៍, ទេសចរណ៍បុរាណដ្ឋាន និងទេសចរណ៍សហគមន៍ ជាដើម លើផ្ទៃដីប្រមាណ២៥០ហិកតា ក្នុងភូមិសាស្ត្រ ភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាពេលអនាគត ៕


