កំពង់ឆ្នាំង ៖ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្ណសរសើរ និងចែករង្វាន់ដល់សិស្ស ប្រចាំឆ្នាំសិក្សា ២០២២,២០២៤ កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ លោក ឃ្លាំង សុវណ្ណ នាយកសាលាបញ្ញវន្តអង្គរ សាខាខេត្តកំពង់ឆ្នាំងបានថ្លែងបញ្ជាក់ថា ដោយឈរលើគុណតម្លៃទាំង៥ ហៅកាត់ថា ELITE រួមមាន ក្រមសីលធម៌ ភាពជាអ្នកដឹកនាំ ផ្នត់គំនិតសកល ការត្រិះរិះពិចារណា និសហគ្រិនភាព សាលារៀនបញ្ញវន្តអង្គរ មានចក្ខុវិស័យឱ្យសិស្សានុសិស្សទាំងអស់ទទួលបាននូវសមត្ថភាពពេញលេញ ដើម្បីក្លាយជាអ្នកដឹកនាំដែលមានសីលធម៌ និងចំណេះដឹង និង ក្លាយជាពលរដ្ឋសកលដែលពោរពេញដោយទំនួលខុសត្រូវ និងបន្តការសិក្សាពេញមួយជីវិត។

លោកនាយកបន្តថា ដើម្បីសម្រេចបានចក្ខុវិស័យខាងលើ សាលារៀនបញ្ញវន្តអង្គរ មានបេសកកម្មផ្តល់ជូនការអប់រំ ដែលមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយ (well-rounded education) ដល់សិស្សានុសិស្ស តាមរយៈការជំរុញលើកទឹកចិត្ត ថ្នាក់ដឹកនាំ បុគ្គលិក អ្នកអាណាព្យាបាល និងសហគមន៍ឱ្យលះបង់កម្លាំងកាយចិត្តក្នុង ការអភិវឌ្ឍផ្នែកបញ្ញា ស្មារតី អារម្មណ៍ ទំនាក់ទំនង និងកាយសម្បទារបស់សិស្សានុសិស្ស។ ទន្ទឹមនឹងនេះ បុគ្គលិកដែលប្រកបដោយគុណវឌ្ឍរបស់យើង តែងតែផ្តោតលើការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងទទួលស្គាល់លក្ខណៈពិសេសរបស់សិស្សម្នាក់ៗ។

ក្រៅពីកម្មវិធី 5S &Kaizen មកពីប្រទេសជប៉ុន កម្មវិធីសមាធិបែបអាស៊ីកាត់អឺរ៉ុប និងកម្មវិធីអំណានអនឡាញ Raz-Kids ពីសហ រដ្ឋអាមេរិក កម្មវិធីអប់រំអត្តចរិត និងភាពជាពលរដ្ឋសកល គឺជាបេះដូងនៃកម្មវិធីសិក្សារបស់សាលារៀនបញ្ញវន្តអង្គរ ដែលត្រូវបាននាំចូល មកពីប្រទេសសឹង្ហបុរី ក្នុងគោលបំណងបណ្តុះការគិត ស្មារតី និងបង្កើតទម្លាប់ល្អៗសម្រាប់ប្អូនៗសិស្សានុសិស្ស ឱ្យមានអត្តចរិតថ្លៃថ្នូរ មាន សីលធម៌ល្អ និងក្លាយជាពលរដ្ឋសកលដែលមានទំនួលខុសត្រូវខ្ពស់ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺដើម្បីឱ្យពួកគេក្លាយជា មនុស្សដែលមានព្រហ្មវិហារធម៌ទាំងបួន (មេត្តា ករុណា មុទិតា ឧបេក្ខា)ក្នុងខ្លួន ដោយផ្អែកលើគុណតម្លៃស្នូល ៦យ៉ាង រួមមាន ១) គោរព ២) ទំនួលខុសត្រូវ ៣) សុចរិត ៤) អាសា ៥) ភាពធន់ និង៦) សុខដុម។

លោក ឃ្លាំង សុវណ្ណ បានថ្លែង បញ្ជាក់ទៀតថា ក្នុងរយៈពេលជាងបួនឆ្នាំកន្លងមកនេះ សាលារៀនបញ្ញវន្តអង្គរ សាខាខេត្តកំពង់ឆ្នាំង បាននិងកំពុងបំពេញបេសកកម្មរបស់ខ្លួន យ៉ាងមមារញឹក និងសស្រាក់សស្រាំ ដោយមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានគណៈនាយក លោកគ្រូ អ្នកគ្រូ មាតា បិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ជាពិសេសគឺការជ្រោមជ្រែងពីសំណាក់អាជ្ញាធរពាក់ព័ន្ធទាំងអស់។ ជាលទ្ធផល សាលារៀនបញ្ញវន្តអង្គរ សាខាខេត្តកំពង់ឆ្នាំង ទទួលបានទំនុកចិត្តពីសំណាក់អ្នកអាណាព្យាបាល ដោយមានកំណើនសិស្សរហូតប្រមាណ ៥០០នាក់ គិតត្រឹមដំណាច់ឆ្នាំសិក្សា២០២២ – ២០២៣ ដែលមានសិស្ស សិក្សាចាប់ពីថ្នាក់ទារកដ្ឋាន ដល់ថ្នាក់ទី១២។

លោក ឃ្លាំង សុវណ្ណ នាយសាលាបញ្ញាវន្តអង្គរ សាខាខេត្តកំពង់ឆ្នាំង បានបញ្ជាក់បន្ថែមទៀតថា ដើម្បីបន្តផ្តល់ជូននូវការអប់រំដែលមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំសិក្សាកន្លែងទៅ សាលារៀនបានរៀបចំ ព្រឹត្តិការណ៍សាលាជាច្រើន រួមមាន ១) ទិវាសុខភាពមាត់ធ្មេញបញ្ញវន្តអង្គរ ២)ព្រឹត្តិការណ៍កីឡាបញ្ញវន្តអង្គរ ៣)កម្មវិធីអភិវឌ្ឍសមត្ថភាព បុគ្គលិក ៤) ទិវាអំណានបញ្ញវន្ត ៥) កម្មវិធីជំនួបមាតាបិតាសិស្ស ៦)កម្មវិធីដំណើរទស្សនកិច្ចសិស្ស ៧)កម្មវិធីប្រកួតប្រជែងក្រៅប្រទេស និងជាពិសេសកម្មវិធីប្រឡងប្រណាំងបញ្ញវន្តឆ្នើម ផ្នែក«អំណាន» ផ្នែក«អក្ខរវិញ្ញាសា» និងផ្នែក«បំណិននិយាយជាសាធារណៈ» ដោយ បានទទួលបានមេដាយជាច្រើន រួមមាន មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ សម្រាប់កម្មវិធីអប់រំចំណេះទូទៅជាតិ កម្មវិធីអប់រំ អន្តរជាតិបីភាសា និងកម្មវិធីភាសាអង់គ្លេសESL។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺសាលាបានបញ្ជូនសិស្សទៅចូលរួមកម្មវិធី ប្រកួតប្រជែងផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យាលំដាប់អន្តរជាតិ នៅប្រទេសកូរ៉េខាងត្បូង ហើយ សម្រាប់ឆ្នាំសិក្សាថ្មី ២០២៣-២០២៤នេះ សាលានឹងបញ្ជូនសិស្សទៅចូលរួមប្រឡងប្រណាំងលក្ខណៈអន្តរជាតិផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យានៅប្រទេសសឹង្ហបុរី នៅដើមខែមករា ឆ្នាំ២០២៤ខាងមុខនេះ ៕





