កំពង់ឆ្នាំង ៖ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យសិស្សានុសិស្សចូលរួមលេងកីឡា ហើយត្រូវជៀសវាងការទៅប្រព្រឹត្តអំពើបាយមុខផ្សេងៗ ជាពិសេសជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។

លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ អំពាវនាវបែបនេះ នៅក្នុងឳកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ។

លោក យិន សាវ៉េន បានមានប្រសាសន៍បន្ថែមទៀតថា ជាការពិតណាស់សកម្មភាពកីឡា គឺបានផ្តល់នូវសារប្រយោជន៍ ចំពោះការកែប្រែឥរិយាបទ លប់បំបាត់អំពើហឹង្សា ដោយបង្ហាញនូវភាពទន់ភ្លន់ បង្កើនគុណភាពផ្នែកសីលធម៌ សុជីវធម៌ឲ្យបានសមស្របទៅតាមស្មារតី នៃការលើកកម្ពស់កិត្យានុភាពជាតិ នៃកេរ្តិដំណែលប្រពៃណីវប្បធម៌ អរិយធម៌ អត្តសញ្ញានជាតិ និងសេចក្តីថ្លៃថ្នូររបស់ជាតិយើង ។

លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងបានបញ្ជាក់បន្ថែមទៀតថា សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ត្រូវខិតខំរៀនសូត្រឲ្យបានខ្ជាប់ខ្ជួន ត្រូវចូលរួមឲ្យបានគ្រប់សកម្មភាព ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ សាលារៀន និងសង្គមជាតិយើង ។

លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សា និង មធ្យមសិក្សាឆ្នាំ២០២៤-២០២៥ នៅខេត្តកំពង់ឆ្នាំង ចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។ ដោយមានសមាសភាព ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការនី សរុបចំនួន ១ ៨០០នាក់ ចូលរួម៕






