សម្តេច​​ព្រះ​មហា​សង្ឃ​រាជ​ ទេព​ វង្ស​ និមន្ត​ជាព្រះ​រាជា​ធិបតី​ ក្នុង​ពិធី​ស្រោច​ស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​ចៅអធិការ​វត្តចំនួន​២ នៅស្រុករលាប្អៀរ

  • កំពង់ឆ្នាំង ៖ សម្តេចព្រះ​អគ្គមហាស​ង្ឃរាជាធិប​តី កិត្តិឧ​ទ្ទេសបណ្ឌិត​ ទេព វង្ស ព្រះ​មហាសង្ឃ​រាជ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី៥​ ខែកក្កដា​ ឆ្នាំ២០​២០ បាន​និមន្ត​ជាព្រះ​រាជា​ធិបតី​ភាព ក្នុង​ពិធីប្រគេនប្រកាសនីយបត្រ​តែងតាំង​ព្រះចៅ​អធិ​ការ​​វត្ត​ និង​ស្រោច​ស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​ចៅអធិការ​វត្ត​ចំនួន​២ នៅស្រុករ​លាប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង។ វត្តទាំង២នោះរួមមាន វត្តសម្តេចនន្ទង៉ែតសែនជ័យសត្ថារាម ក្នុងឃុំប្រស្នឹប និងវត្តបល្ល័ង្ករង្សី ក្នុងឃុំពង្រ។

    សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិយសឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេច​ព្រះ​មហា​សង្ឃ​រាជ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​មាន​ព្រះរាជ​បន្ទូល​ថា ការ​ប្រកាស​នីយបត្រ​តែង​តាំង​ព្រះចៅអធិកា​វត្ត និង ទីប្រឹក្សា ​នាពេល​នេះ គឺ​ដើម្បី​បំពេញ​អោយ​បាន​ត្រឹម​ត្រូវ​​នូវ​​រចនា​​សម្ព័ន្ធ នៃកា​រគ្រប់​គ្រង​ដឹកនាំ​ផ្នែក​ពុទ្ធ​សាស​នា ​ដើម្បី​ដឹកនាំ​កសាង​អភិវឌ្ឍន៍​វិស័យ​ព្រះ​ពុទ្ធ​សាស​នា​អោយ​មាន​ការ​រីកចម្រើន​ ថ្កុំ​ថ្កើន​ រុងរឿង​ថែម​ទៀត ​។​

    សម្តេច​ព្រះអគ្គម​ហាស​ង្ឃរាជាធិប​តីកិត្តិ​យស​ឧទ្ទេស​បណ្ឌិត ​មាន​​ព្រះរាជ​​បន្ទូល​​​បន្ត​ថា ​វត្តអារាម​ជាទីជំរក​អប់រំ​ ច​រិយា​ធម៌​ ដល់​ពុទ្ធ​បរិស័ទ យុវ​ជន ដែល​ជាទំ​ពាំង​​ស្នង​ឬសី្ស និង​ ជាឱកាសល្អ​ក្នុងការរួបរួម​គ្នា ដើមី្បថែរក្សា​ការពារ​ សុខ​សន្តិ​ភាព​ សេចក្តី​សុខ​សា​ន្ត សង្គម​ជាតិ​ដោយ​ប្រកាន់​យក ព្រះពុទ្ធឱវាទ​ជាប្រទីប​បំភ្លឺផ្លូ​វ ក្នុង​ការ​​អប់រំ​សីល​ធម៌ ចរិយា​ធម៌ សេចក្តី​ថ្នៃថ្នូរ សម​នឹង​ទស្សនៈ​ដែល​ថា ព្រះពុទ្ធសាសនា​ជាកម្លាំង​ដឹកនាំ​ចរិយា​ធម៌​ក្នុង​សង្គ​ម ។

    សម្តេច​​ព្រះអគ្គម​ហាស​​ង្ឃរាជាធិប​តីកិត្តិ​យស​ឧទ្ទេស​បណ្ឌិត ​មាន​​ព្រះរាជ​​បន្ទូល​​​បន្តទៀត​​ថា ក្នុង​នាម​ជាថ្នាក់​ដឹក​នាំ ត្រូវ​មាន​ព្រហ្មវិហារ​ធម៌ទំាង​បួន គឺ​មេត្តា ករុណា មុទិតា​ និង​ ឧបេក្ខា​ ព្រម​ទាំង​មានកា​រឯកភាព​ផ្ទៃក្នុង លះបង់​អំពើ​អបាយ​មុខ ហើយ​ត្រូវ​ចាំ​ថា បែក​បាក់​សាមគ្គី គឺស្លាប់ និង​ត្រូវ​ខិតខំ​បំពេញ​តួនាទី​ភារកិច្ចជាមួយ​ពុទ្ធបរិស័ទ ដើម្បី​ដឹក​នាំវិស័យ​ព្រះ​ពុទ្ធសាសនា​ អោយ​រីក​ចម្រើន​តទៅមុខ​ទៀត​ ។

    ជាមួយគ្នានោះ លោកស្រី​ ប៊ន​ សុភី អភិបាល​រង​ខេត្ត​កំ​ពង់​ឆ្នាំង ក៏បាន​លើក​ឡើងដែរ​ថា ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា បាន​ធ្វើអោយប្រទេសជាតិ​មានសុខ​សន្តិភាព​មាន​ការីក​ចម្រើន​ជាបន្តបន្ទាប់​ ។ ដោយឡែក​ ខេត្តកំ​ពង់​ឆ្នាំង​ ក្រោម​ការ​ដឹក​នាំរបស់​ឯកឧត្តម ​ឈួរ ច័ន្ទឌឿន នាពេល​បច្ចុប្បន្ន បាន​ធ្វើអោយខេត្តមួយ​នេះ​មាន​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ទាំង​ពុទ្ធ​ចក្រ​ និង​ អាណាចក្រ​ ។

    គួរបញ្ជាក់ថា យោងតាម​ប្រកាស​នីយបត្រ ទី១.គឺតែងតាំងភិក្ខុ ម៉ុច សៅលី ជាព្រះចៅ​​អធិកាវត្តសម្តេចនន្ទង៉ែត ​សែនជ័យ​សត្ថា​រា​​ម នៅ​ឃុំ​ប្រស្នឹប និង​ ជា​ទី​ប្រឹក្សា​សម្តេច​ព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេស​បណ្ឌិត ​ទេព វង្ស ព្រះមហាសង្ឃរាជ​នៃព្រះរា​​ជា​​ណាចក្រ​កម្ពុជា និងទី​២.តែងតាំង​ភិក្ខុ នាង ភារុណ ជាព្រះគ្រូចៅ អធិការវត្តបល្ល័ង្ករង្សី នៅឃុំពង្រ ស្រុក​រលា​ប្អៀរ ខេត្ត​កំពង់ឆ្នាំង ។ ដោយឡែក​ ​នៅក្នុងឱកាសនោះ សម្តេច​ព្រះអគ្គមហាស​ង្ឃរាជាធិបតី​កិត្តិឧទ្ទេសប​ណ្ឌិត ទេព វង្ស​ ក៏​បាន​ប្រទាន​ព្រះរាជអំណោយ​ដល់​ប្រជាពល​រដ្ឋជា​​ចាស់ជរាគ្មាន​ទីពឹង ស្រ្តីក្រី​ក្រផងដែរ៕ 

     

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង