កំពង់ឆ្នាំង ៖លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មាន និងជាប្រធានក្រុមការងារព័ត៌មាន និងសាធារណមតិ ខេត្តកំពង់ឆ្នាំងបានជម្រុញឲ្យមន្ត្រី ត្រូវសកម្មបន្ថែមទៀត ក្នុងការផ្សព្វផ្សាយបញ្ជ្រាបអំពី គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ។

លោក អនុប្រធានមន្ទីរ បានធ្វើការជម្រុញដល់មន្ត្រីបែបនេះ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារព័ត៌មាន និងសាធារណមតិ ដែលបានអនុវត្ត នាពេលកន្លងមក និងដាក់ចេញនូវផែនការសម្រាប់អនុវត្តបន្តទៀត នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ។

លោក ហឹង ចូច បានមានប្រសាសន៍ បញ្ជាក់ថា មន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិ ត្រូវសកម្មក្នុងការតាមដាន កំណត់ព័ត៌មានក្លែងក្លាយ និងដាក់ចេញនូវវិធានការឆ្លើតតប បន្សាបឲ្យបានទាន់ពេលវេលា ដោយមិនឲ្យព័ត៌មានក្លែងក្លាយទាំងនោះ នៅបន្តចរាចរ ក្នុងសាធាតណមតិឡើយ ដើម្បីធានាសុវត្តិភាពព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះមន្ត្រព័ត៌មានត្រូវពង្រឹងការផលិតព័ត៌មាន និងបង្កើតមាតិការល្អៗ ឲ្យមានខ្លឹមសារកាន់តែសម្បូរបែប ទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកលេងកំសាន្ត នៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្ត ដើម្បីគាំទ្រដល់គោលនយោបាយ លើកកម្ពស់វិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

សូមបញ្ជាក់ថា ក្រុមការងារព័ត៌មាន និងសាធារណមតិ ខេត្តកំពង់ឆ្នាំង មានសមាសភាព ចំនួន៥រូប កំពុងអនុវត្តយ៉ាងសកម្ម លើការងារព័ត៌មាន និងសាធារណមតិ សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបាន នូវព័ត៌មានពិត មានប្រភពច្បាស់លាស់ ឆ្លើយតប និងបន្សាបព័ត៌មានក្លែងក្លាយ បង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ៕











