កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី១៤ កក្កដា ២០២៣ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្ធពិធីអបអរសាទរខួប ៣០ឆ្នាំ នៃទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៣ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

ពិធីដ៏មានអត្ថន័យនេះ បានប្រារព្ធធ្វើឡើងនៅបរិវេណមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតនៅឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងអំពីសមិទ្ធិផលសំខាន់ៗជាច្រើនដែលបានកើតឡើង ក្នុងរយះពេល៣០ឆ្នាំកន្លងមកនេះ ចាប់តាំងពីកងរាជអាវុធហត្ថបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣ ។

សមិទ្ធិផលសំខាន់ៗ ដូចជាការចូលរួមចំណែកនៅក្នុងការថែរក្សានូវសន្តិភាព រក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាការចូលរួមចំណែក ក្នុងការពង្រឹងកងកម្លាំង ពិសេសគឺការពង្រឹងនូវវិន័យកងទ័ព ព្រមទាំងការរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិហើយជាពិសេសទៅទៀតនោះគឺនៅពេលដែលប្រទេសកម្ពុជាយើងជួបបញ្ហាគ្រោះមហន្តរាយ បញ្ហាកូវិដ១៩ តែងតែមានវត្តមានកងកម្លាំងកងរាជអាវុធហត្ថ នៅគ្រប់ទីកន្លែង ។

នៅក្នុងពិធីនេះផងដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍សំដែងនូវការកោតសរសើរយ៉ាងខ្លាំង ដល់នាយនិងពលអាវុធហត្ថទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វជាតិមាតុភូមិ ជាក់ស្តែងក្នុងពេលដែលប្រទេសជាតិប្រឈមនឹងហានិភ័យ ការឆ្លងរាលដាល នៃជំងឺកូវិដ១៩ កម្លាំងកងរាជអាវុធហត្ថបានប្តូរផ្តាច់ប្រកបដោយស្មារតីអង់អាចក្លាហាន ដោយដៃម្ខាងសហការការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បំពេញតួនាទីការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម រីឯដៃម្ខាងទៀតរួមចំណែកយ៉ាសកម្មជាមួយអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ ដើម្បីទប់ស្តាត់រាល់បទល្មើសផ្សេងៗ ការពារសុខភាពសារធារណៈ ក៏ដូចជាអាយុជីវិតប្រជាពលរដ្ឋ និង សង្គមជាតិ ។

ជាមួយគ្នានេះកងរាជអាវុធហត្ថបានចូលរួមគ្រប់សកម្មភាព ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ឬគ្រោះមហន្តរាយផ្សេងៗ និងបានចូលរួមការងារសង្គមជាច្រើនទៀត ប្រកបដោយស្មារតីមនុស្សធម៌ ៕