កំពង់ឆ្នាំង ៖ លោក ឈាង ចន្ធី ត្រូវបានតែងតាំងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា ខេត្តកំពង់ឆ្នាំង។ ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ ធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែតុលាឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា ។
អញ្ជើញចូលរួមនៅក្នុងពិធីនេះផងដែរ មានលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម អម សុភា អភិបាលរងខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានន្ទីរ អភិបាល អភិបាលរងស្រុក មេឃុំ ចៅសង្កាត់ និង មន្ត្រីរាជការក្នុងអង្គភាពមន្ទីរសង្គមកិច្ច ជាច្រើនរូបទៀត ។
លោក ឈាង ចន្ធី ពីមុននេះជាអនុប្រធានមន្ទីរ ត្រូវបានក្រសួងសម្រេចតែងតាំងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុវជននិងយុវនិតិសម្បទា ខេត្តកំពង់ឆ្នាំងជំនួសលោក ថោង ចំរើន ដែលត្រូវដាក់ឲ្យចូលនិវត្តន៍ ។
ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទា បានមានប្រសាសន៍ក្រើនរំលឹក ដល់ថ្នាក់ដឹកនាំមន្ទីរ សង្គមកិច្ចអតីតយុទ្ធជននិង យុវនិតិសម្បទា ខេត្តកំពង់ឆ្នាំង ត្រូវបន្តរក្សាប្រពៃណី សាមគ្គីភាព ឯកភាពផ្ទៃក្នុងនិងសហការជិតស្និទ្ធ ជាមួយមន្ត្រីរាជការក្នុងអង្គភាព ក៏ដូចជាបណ្តាស្ថាប័ន អង្គភាពនានាក្នុងខេត្ត ក្នុងការអនុវត្តការងារស្នូលរបស់ខ្លួន និង គោលការណ៍ណែនាំរបស់ក្រសួងឲ្យមានប្រសិទ្ធភាព ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ទៀតថា ថ្នាក់ដឹកនាំមន្ទីរ ជាពិសេសលោកប្រធានមន្ទីរ ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវខិតខំបន្ថែមទៀតក្នុងការបំពេញភារកិច្ច បម្រើផលប្រយោជន៍ ជូនប្រជាជន តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕