រាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់ និងចាត់ទុកវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យមួយដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច ភាពចម្រុងចម្រើននៃសង្គមជាតិ និងសមធម៌សង្គម។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការយល់ដឹងពីប្រព័ន្ធស្បៀងនៅកម្ពុជា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ។
ឯកឧត្តម ជា សំណាង បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ថា សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ គឺជាសិទ្ធិមូលដ្ឋាន របស់បុគ្គលម្នាក់ៗនៅក្នុងសង្គមកម្ពុជា ដូចមានចែងនៅក្នុងសេចក្ដីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញាអន្តរជាតិ ស្ដីពីសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។
ជាមួយគ្នានេះ ឯកឧត្តម បានបន្តទៀតថា “វិស័យកសិកម្ម និងរបបអាហាសុខភាព បានដើរតួនាទី យ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធស្បៀងរបស់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងការរាតត្បាតសកល នៃជំងឺកូវិដ-១៩ និងក្នុងដំណាក់កាលស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវិដ-១៩ ។”

គួរបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការយល់ដឹងពីប្រព័ន្ធស្បៀងនៅកម្ពុជា គឺរៀប ចំដោយវិទ្យាស្ថានអន្តរជាតិស្តារជនបទឡើងវិញ (IRR) ប្រចាំនៅកម្ពុជា សហការជាមួយ នឹងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។
សិក្ខាសាលានេះ គឺមានគោលបំណងប្រមូលព័ត៌មានបឋមពីភាគីពាក់ព័ន្ធនានាទាក់ទងការយល់ដឹង ចំណេះដឹង និងការ អនុវត្តវិធីសាស្ត្រផ្អែកលើគោលការណ៍ជាមូលដ្ឋានសិទ្ធិមនុស្ស ក្នុងបរិបទប្រព័ន្ធ ស្បៀងកម្ពុជា ដើម្បីអនុវត្ត គម្រោងលើកកម្ពស់ប្រព័ន្ធស្បៀងនៅកម្ពុជាតាមការចូលរួម (People Center Food System) ដែល ការងារនេះគាំទ្រថវិកាដោយទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍របស់ប្រទេសស្វីស (SDC) ៕











