កំពង់ឆ្នាំង ៖ នៅក្នុងឆ្នាំ២០២២នេះ កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទ គ្រប់ប្រភេទបានចំនួន២៤៨ករណីនិង ឃាត់ខ្លួនជនសង្ស័យ បានចំនួន២៦នាក់ បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក លី ឡា ដែលជានាយខណ្ឌរដ្ឋបាលជលផល នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ ។

លោក លី ឡា បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២២នេះ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានសហការជាមួយកម្លាំងសមត្ថកិច្ច ,សហគមន៍នេសាទ និង អាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបបទល្មើសគ្រប់ប្រភេទបានចំនួន២៤៨ករណី ។ ក្នុងនោះធ្វើកំណត់ហេតុបំផ្លាញចោលវត្ថុតាងចំនួន២២១ករណី ,ពិន័យអន្តរកាល១៥ករណី ,បញ្ជូនទៅតុលាការចំនួន១២ករណី និង ជនសង្ស័យចំនួន២៦នាក់ ។

លោក លី ឡា បានបញ្ជាក់ឲ្យដឹងទៀតថា បទល្មើសនេសាទ ដែលកើតមាននៅក្នុងឆ្នាំ២០២២មានការថយចុះច្រើន បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ។ នេះអាស្រ័យដោយប្រជានេសាទមួយចំនួន បានយល់ពីច្បាប់ស្តីពីជលផល និងការចុះបង្ក្រាបជាប្រចាំ របស់កម្លាំងជំនាញនិងសមត្ថកិច្ច ៕
