មហាជន​នៅខេត្តកំពង់ឆ្នាំង​យ៉ាង​ច្រើន​កុះករ ចូល​រួម​​អបអរ​សាទរ​ក្បួនដង្ហែ​​ព្រះ​អគ្គិជ័យ​​កីឡា

  • កំពង់ឆ្នាំង ៖ មហាជននៅខេត្តកំពង់ឆ្នាំងយ៉ាងច្រើនកុះករ បានចូលរួម​អបអរសាទរក្បួនដង្ហែ​ព្រះអគ្គិជ័យ​កីឡានៃការ​ប្រកួត​កីឡាស៊ីហ្គេម​លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ដែលចេញពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់​​ខេត្តជាប់បឹ​ងទន្លេសាប ។ ក្បួនដង្ហែ​ព្រះអគ្គិជ័យ​កីឡា បានមកដល់ខេត្តកំពង់ឆ្នាំង ​នាព្រឹក ថ្ងៃទី២​៩ ខែមេសា ឆ្នាំ២​០២៣ ។

    ក្បួនដង្ហែព្រះអគ្គិជ័យកីឡា បានសម្រាកពិសារអាហារថ្ងៃត្រង់ នៅត្រង់ចំណុចរូបសំណាកដំរីស ព្រំប្រទ​ល់​​ស្រុករលាប្អៀរ និងក្រុង​កំពង់ឆ្នាំង ។ ហើយនៅវេលាម៉ោង១៤រសៀល ក្នុងថ្ងៃដដែល​នេះ ក្បួនដង្ហែ​ព្រះអគ្គិជ័យកីឡា នឹងបន្តដំណើរឆ្ពោះ​ទៅ​កាន់វេទិការប្រារព្វពិធី នៅសួនច្បារវិមាន​ឯករាជ្យ ស្ថិតនៅ​កណ្តាល​ក្រុងកំពង់ឆ្នាំង ។ មុននឹងដង្ហែទៅតម្កល់ទុក១យប់ នៅវត្តអារញ្ញការាម​ ដោយមានការរៀបចំ​ពិធី​​សាសនា និងការបាញ់កាំ​ជ្រួចអបអរ​សាទរ នៅពេលរាត្រីផងដែរ ។

    នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ រដ្ឋបាលខេ​ត្តកំពង់ឆ្នាំង បានរៀប​ចំមន្ត្រីរាជការ កងក​ម្លាំងប្រដា​ប់​អាវុធ លោ​កគ្រូ អ្នកគ្រូ សិស្សានិសិស្ស កម្មករ កម្មការនី និ​ងប្រជាពលរដ្ឋប្រមាណ​​ជាង​៧ម៉ឺន ដើម្បីចូលរួមអបអរសាទរ នៅពេល​ដែល​ក្បួន​ដង្ហែព្រះអគ្គិជ័យកីឡា មកដល់ភូមិសាស្ត្រ ខេត្តកំ​ពង់ឆ្នាំង ។

    គួរបញ្ជាក់ថា ក្រោយព្រះរាជពិធីសុំភ្លើងព្រះអគ្គិអាទិទេព និងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅប្រាសាទ​អង្គរវត្ត ដែលប្រព្រឹត្តទៅក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា កន្លងទៅ ព្រះអគ្គិជ័យកីឡាត្រូវបាន​ដង្ហែ​តាម​បណ្ដាប្រ​ទេស​តំបន់អាស៊ាន បានធ្វើឡើងចាប់ពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី២៧ ខែមេសា មុនត្រឡប់​ចូល​កម្ពុជា​វិញ។

    ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គីអាទិទេពកីឡា នៅបណ្ដាប្រទេសតំបន់អាស៊ាន គឺជាពេលវេលារៀបចំ​ពិធីដង្ហែព្រះអគ្គិកីឡា តាម​ប​ណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំ​ពង់ឆ្នាំង ពោធិ៍សាត់ បាត់​ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ​ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ពោល​គឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម​ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការតែម្ដង៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង