នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ Vladimir SVIRIDOV នាយសេនាធិការរង កងទ័ពជើងគោករុស្ស៊ី ចូលជួបសម្តែងការគួរសម បន្ទាប់ពីគណៈប្រតិភូបានជួបបំពេញការងារជាមួយនឹងក្រុមការងារកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដើម្បីពិភាក្សាអំពីការអនុវត្តទិសដៅកិច្ចសហប្រតិបត្តិការទ្វេភាគី។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ទោ Vladimir SVIRIDOV បានថ្លែងអំណរគុណកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងការបង្កលក្ខណៈដល់ការបំពេញទស្សនកិច្ចការងារនេះឱ្យសម្រេចបានជោគជ័យ។
លោកឧត្តមសេនីយ៍ ក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរចំពោះសារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនងប្រកបដោយសក្តានុពល រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ជាពិសេសលើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។
គួរបញ្ជាក់ថា ទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រុមការងារកងទ័ពជើងគោក នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ីនាពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តទិសដៅសហប្រតិបត្តិការទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក ឱ្យមានការបោះជំហានទៅមុខប្រកបដោយភាពវិជ្ជមាន ជាពិសេសទិសដៅនានាដែលបានពិភាក្សា និងឯកភាពនៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅសហព័ន្ធរុស្ស៊ីកាលពីឆ្នាំ២០១៩ និងទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម Nikolai Patrushev លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី កាលពីឆ្នាំ២០២១ កន្លងទៅ ៕