ឯក​ឧត្តម សាយ ​សំអាល់៖ យុវជ​នត្រូវចេះទាញយ​កប​ច្ចេកវិទ្យា​និងការវិវឌ្ឍថ្មី ដើម្បី​បម្រើ​ឧត្តមប្រយោជន៍ ខ្លួនឯង​និងប្រទេស​ជាតិ​

  • ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា យុវជនកម្ពុជាត្រូវចេះទាញយកប​ច្ចេកវិទ្យានិងការវិវឌ្ឍថ្មី ដើម្បីបម្រើឧត្តមប្រ​យោ​ជន៍ ខ្លួនឯងនិងប្រទេសជាតិខ្លួន​ឯង។ ​ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលពិសោធន៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលា​តិចណូ) រាជធានីភ្នំពេញ។
    ឯកឧត្តម សាយ សំអាល់ បានលើកឡើងបន្ថែមថា អ្វីដែលរៀននៅសាលាគឺមិនសំដៅតម្រូវនរណាម្នាក់ទេ គឺសំដៅតម្រូវទាំងអស់គ្នា ហើយយើងត្រូវចេះយល់ច្បាស់អ្វីដែលគេបានបង្រៀននៅក្នុងមេរៀនទាំងអស់នោះ ក្នុងការដោះស្រាយបញ្ហាដោយប្រើប្រាស់មូលដ្ឋានបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជាគោល ដែលយើងអាចធ្វើបានដោយខ្លួនឯង។ លើសពីនេះ យុវជនត្រូវមានការជឿជាក់លើខ្លួនឯង ហើយមានជំហរមួយជឿថាខ្មែរធ្វើបាន។
    ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ចាក់ថា ក្នុងសម័យតេជោសន្តិភាព កម្ពុជាមានឱកាសនិង​លទ្ធភាពដូចបណ្តាប្រទេសដទៃទៀតដែរ ក្នុងការក្រសោបទាញប្រ​យោជន៍ពីការរីកចំរើននៃបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្មរបស់ឧស្សាហកម្ម ៤.០។ ក្នុងនោះដែរ កម្ពុជាមានឱកាសស្មើគ្នាជាមួយប្រទេសនានា ក្នុងការឈានទៅរកឧស្សាហកម្ម ៤.០ ស្របតាមចក្ខុវិស័យនៃ​ក្របខណ្ឌគោលនយោបាយសេ​ដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០​២១-២០៣៥ សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងសមាហរណកម្មបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងវិស្វកម្មកម្ពុជាចូលក្នុងតំបន់ និងពិភពលោក។
    ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តឲ្យយុវជនកម្ពុជា ជាពិសេសយុវសិស្សនៅតាមគ្រឹះស្ថានសិក្សាត្រូវមាន ប្រឹងប្រែងសិក្សានិងចាប់យកឱកាសនៃការរិវឌ្ឍនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សម្រាប់ឧត្តមប្រយោ​ជន៍​រ​ប​ស់សង្គមកម្ពុជា ឆ្ពោះទៅប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ពីប្រទេសឧស្សាហកម្មបែបប្រពៃណីទៅ​រកឧស្សាហកម្មទំនើប។
    គួរបញ្ជាក់ថា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលពិសោធន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាប្រវត្តិសាស្រនេះដែរ ក៏មានពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកម្មវិធីអប់រំ ៤.០ រវាង សហ​ភាព​សហពន្ធ័យុវជនកម្ពុជារាជធានីភ្នំពេញ ជាមួយស្ទីមមីង ខេមបូឌា និងវិទ្យាល័យព្រះស៊ីសុវត្តិ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប វិទ្យាល័យអ៊ីធូស្ទែម ព្រះយុគន្ធរ អង្គការសប្បុរសធម៌ឡៃហ្គ័រ ផងដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង