ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហរទ័យយាងចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២ តាមព្រះទីនាំងយន្តហោះពិសេស ដើម្បីទៅចូលរួមក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែលប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រ ចុះថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២២ ផ្ញើជូនជនរួមជាតិ ព្រះអង្គបានគូសបញ្ជាក់ថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីទៅចូលរួមក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន»។
ក្នុងព្រះរាជសារព្រះអង្គបានគូសបញ្ជាក់បន្ថែមថា «នៅក្នុងឱកាសអវត្តមានទូលព្រះបង្គំខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំខ្ញុំព្រះករុណា ខ្ញុំ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា»។
គួរបញ្ជាក់ដែរថា បើតាមកម្មវិធីដែលបានគ្រោងទុក ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គនឹងយាងមកកាន់មាតុប្រទេសវិញ នៅរសៀលថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២២៕