ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង​ បាន​ណែនាំ​ឱ្យ​កង​កម្លាំង​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ សហការ​គ្នា​បង្កើន​កិច្ច​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី

  • កំពង់ឆ្នាំង ៖ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន បានណែនាំឱ្យមន្ត្រីអាជ្ញាធរមូលដ្ឋានទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង ត្រូវសហការជាមួយកងម្លាំងទាំងបី បង្កើនកិច្ចការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ នេះឲ្យបានល្អប្រសើរ ។

    ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានធ្វើការណែនាំដល់មន្ត្រីបែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤ កាលពីរសៀលថ្ងៃទី៤ខែមេសា ឆ្នាំ២០២៥ ។

    ឯកឧត្តម ស៊ីវ រុន បានបញ្ជាក់ថា នៅគ្រប់មូលដ្ឋានក្នុងរយៈពេល នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ប្រជាពលរដ្ឋនៅគ្រប់ទិសទី បានធ្វើដំណើរមកកាន់ស្រុកកំណើត ជួបជុំក្រុមគ្រួសារប្រារព្វពិធីបុណ្យ លេងល្បែងប្រជាប្រិយ៍ និងរាំកំសាន្ត ដោយទឹកចិត្តសប្បាយរីករាយ នឹងគ្មានក្តីបារម្ភ ។ ដូចនេះកម្លាំងសមត្ថិកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តយ៉ាងពេញលេញ នូវកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ ។

    ឯកឧត្តម បានបញ្ជាក់ទៀតថា បើទោះបីជាក្នុងរយៈពេលកន្លងទៅ យើងអនុវត្តបានល្អប្រសើយ៉ាងណាក៏ដោយ ប៉ុន្តែចាប់ពីពេលនេះបន្តទៅទៀត សូមឱ្យអាជ្ញាធរបង្កើនកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅតាមទីប្រជំជន វត្តអារាម និងកន្លែងកំសាន្តនានា ក្នុងខេត្តត្រូវតែសុខសុវត្ថិភាពគ្រប់ពេលវេលា ។

    សូមបញ្ជាក់ថា ឆ្នាំនេះខេត្តកំពង់ឆ្នាំង នឹងរៀបចំសង្ក្រាន្តនៅទីតាំង ចំនួន៤ផ្សេងគ្នា ដែលទីតាំងទី១នៅសួនវិមានឯករាជ្យ ,ទីតាំងទី២នៅសួនច្បារសម្តេចចៅហ្វាវាំង គង់ សំអុល,ទីតាំងទី៣នៅសួនទឹក ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន, និងទីតាំងទី៤នៅតំបន់ត្រជាក់ ក្នុងក្រុងកំពង់ឆ្នាំង។

    សង្ក្រាន្ត ទាំង៤ទីតាំងនេះ នឹងមានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្មវិធីកម្សាន្តសប្បាយជាច្រើន មានដូចជា ការល្បែងប្រជាប្រិយ ការប្រគំតន្ត្រី រាំលេងកម្សាន្ត ក្រោមដំណក់ទឹក និងមានការបាញ់កាំជ្រួចនៅពេលរាត្រីផងដែរ. ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង