រដ្ឋ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ ប្រ​កាស​ពី​ការ​ស្លាប់​អ្នក​ជំ​ងឺ​កូ​វីដ​-១៩​ ម្នាក់​ទៀត

  • កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បានជូនដំណឹងពីស្លាប់បុរសជនជាតិខ្មែរម្នាក់អាយុ៤០ឆ្នាំ ដោយសារជំងឺកូវីដ១៩។

    ក្នុងលិខិតរដ្ឋបាលខេត្ត បានបញ្ជាក់ឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៤០ឆ្នាំ រស់នៅភូមិត្រពាំងក្តារ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចូលមកមន្ទីរពេទ្យខេត្ត កំពង់ឆ្នាំង នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២០និង៣៥នាទី ដោយអាការៈហត់ដង្ហក់ ឡេះឡះខ្លាំង។

    លិខិតរដ្ឋបាលខេត្តដដែល បានអោយដឹងទៀតថា ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវីដ-១៩ និងបានដាក់ឱ្យសម្រាកព្យាបាលនៅផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ដោយស្ថានភាពជំងឺមានសភាពធ្ងន់ធ្ងរខ្លាំង ទោះបីក្រុមគ្រូពេទ្យព្យាយាមសង្គ្រោះព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានមរណភាពនៅវេលាម៉ោង ០៦និង៣០នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។ ការសន្និដ្ឋានរបស់គ្រូពេទ្យ អ្នកជំងឺបានមរណភាព ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវីដ-១៩ ជាមួយនឹងជំងឺទឹកនោមផ្អែម និងលើសឈាមប្រភេទទី២។

    រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានចូលរួមចំណែកសោកស្ដាយជាពន់ពេក និងចូលរួមមរណទុក្ខយ៉ាងក្រៀមកំ ជាទីបំផុតជាមួយក្រុមគ្រួសារសព និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង