អាជ្ញាធរ និងសហ​ភាព​សហព័ន្ធយុវ​ជន​កម្ពុជា​ស្រុក​កំពង់​លែង បន្តដាំ​កូន​ដើម​ឈើ ​នៅតំបន់​ភ្នំ​នាង​កង្រី​

  • កំពង់ឆ្នាំង៖ កូន​ឈើប្រមាណ​ជាង១​ពាន់ដើម ត្រូវ​ដាំនៅតំបន់​ភ្នំនាងកង្រី ក្នុង​ស្រុក​កំពង់​លែង ខេត្តកំពង់​ឆ្នាំង នៅ​ថ្ងៃទី២​៦ ខែកក្កដា ឆ្នាំ២០២០ ដោយ​មាន​ការ​អញ្ជើញចូលរួម​ពីសំណាក់លោក សំចាន់ ថន អភិបាលស្រុកកំពង់លែង លោក​ ចេង ចាន់​ដូណា អភិបាលរ​​ង​ស្រុក​កំពង់លែង​ និង​ជាប្​រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំពង់លែង និងសមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក កម្លាំង​សមត្ថ​កិច្ច​ និង​​អាជ្ញាធរមូលដ្ឋានផងដែរ។
    លោក សំចាន់ ថន អភិបាលស្រុកកំពង់លែង បានជម្រុញ​ឲ្យសហគមន៏ និងយុវជន​បន្តការដាំដុះនិងថែរក្សា​ការពារ​សុវត្ថិភាព​ឱ្យមាន​ទ្រង់​ទ្រាយ​ធំ ដើម្បីបង្កើន​បរិមាណដែល​ជាវិធានកាត់បន្ថយគ្រោះមហន្តរាយនានាជាយថាហេតុកើតឡើង ។ ហើយការចូលរួមដាំដើមឈើនេះ​គឺឆ្លុះបញ្ចាំង​អំពីការ​ចូលរួមការពារ គាំពារ អភិរក្ស និងលើកកម្ពស់​បរិស្ថាន ក្រោម​ម្លប់​សន្តិភាព និងការ​អភិវឌ្ឍន៍ ស្រប​តាម​មាគា៍​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា។
    ជាមួយគ្នានោះ​ លោកអភិបាលស្រុក ក៏បានធ្វើការណែនាំពីវិធានការការពារសុខភាព ក្នុង​ដំណាក់កាល​នៃការ​រីក​រាលដាល​នៃមេរោគ​កូវីដ១៩​នៅកម្ពុជា ដោយអំពាវនាវដល់អ្នកចូលរួមទាំងអស់ ត្រូ​វឧស្សាហ៍​ដុសលាង​សម្អាតដៃ​ជាមួយសាប៊ូ ជែល​សម្លាប់​មេរោគ ឬទឹក​អាល់កុល​ ហើយ​ប្រើប្រាស់​ម៉ាសឲ្យ​បានជាប្រចាំ គ្រប់ទីកន្លែងទាំងអស់ និងត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលជាដើម។
    គួរបញ្ជាក់ថា ការដាំដើមឈើនៅតំបន់ភ្នំនាងកង្រី ក្រោមប្រធានបទ “ដាំដើមឈើ សម្រាប់យុវជនជំនាន់ក្រោយ”នេះ ត្រូវបានសហភាព​សហ​ព័ន្ធ​យុវជន កម្ពុជាខេត្តកំពង់ឆ្នាំង រៀបចំឡើងជាផែនការយុទ្ធសាស្ត្រសម្រាប់ដាំរយៈពេល៥ឆ្នាំ (២០១៩-២០២៤) ដោយគម្រោងនេះ បាន​ទទួល​កិច្ចសហការ​គាំទ្រផ្តល់កូនឈើ ពីក្រសួងបរិស្ថាន សហគមន៍ក្នុងតំបន់ វិស័យឯកជន និងរដ្ឋបាលមូលដ្ឋាន។
    សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ធ្លាប់បានអោយដឹងថា ការដាំដើមឈើ នេះ មានគោលដៅពង្រឹងសហគមន៍ អោយមាន​ភាព​ប្រសើរ​ឡើង យល់ដឹងកាន់តែ ស៊ីជម្រៅស្តីពី អត្ថប្រយោជន៍ នៃការអភិរក្ស ធនធានធម្មជាតិ និងចូលរួមគ្រប់គ្រង ប្រកបដោយ និរន្តរភាព តាម​រយៈការអប់រំផ្សព្វផ្សាយ ការការពារ និងដាំដុះកូនឈើ ឡើងវិញលើផ្ទៃដីប្រមាណ ៥០ហិចតា ជុំវិញបរិវេណភ្នំនាងកង្រី៕ អត្ថបទ៖ សុគន្ធារី

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង