អាជ្ញាធរ​ខេត្តកំព​ង់​ឆ្នាំង ចាត់ទុកការ​​ផ្គត់ផ្គង់ទឹក​ស្អាត​និងការលើក​កម្ពស់​​អនាម័យ​នៅ​ជនបទ ជាផ្នែកមួយ​​មិន​អាច​​ខ្វះ​​បាន​​ក្នុង​ការ​​គិតគូរ​​ពី​សុខមាល​ភាព​ពល​រដ្ឋ

  • កំពង់ឆ្នាំង៖ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងថា ការផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់​អនាម័យ​នៅជន​បទ គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះបានក្នុងការគិតគូរ​ពីសុខមាលភាព ក្នុងការចូលរួមចំណែកជា​មួយ​រាជ​រដ្ឋាភិបាល​កាតបន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ។ ការលើកឡើងរបស់ឯកឧត្តម ដូចនេះ បានធ្វើឡើងនៅក្នុងពិធី​បើក​កិច្ច​ប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារបច្ចេកទេស​វិស័យផ្គត់ផ្គង់​ទឹក​ស្អាត​និងអនាម័យ​ជនបទខេត្ត នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ។

    ឯកឧត្តម អម សុភា បានបន្តថា ដោយមើលឃើញយ៉ាងច្បាស់អំពីផលប៉ៈពាល់អវិជ្ជមាន នៃកង្វះខាតការផ្គត់ផ្គង់ទឹកស្អាត និង​ការ​លើក​កម្ពស់អនាម័យល្អនៅជនបទ រាជរដ្ឋាភិបាល ក៏ដូចជាបណ្តាដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិទាំងអស់ បាន​ខិត​ខំ​យក​​​ចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះនានា ដើម្បីវិភាគអំពីលទ្ធភាព នៃធនធាន​ធ្វើយ៉ាង​ណាស​ម្រេច​ឲ្យ​​បាននូវអត្រាផ្គត់ផ្គង់ទឹកស្អាត ៩០% និងអត្រាគ្របដណ្តប់អនាម័យ ៩០% នៅឆ្នាំ២០២៣ ហើយលើសពីនេះទៅទៀតគឺ ការ​សម្រេច​ឲ្យខានតែបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល “នៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការ​ផ្គត់​ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”។

    ឯកឧត្តម អភិបាលរង ក៏បានផ្តាំផ្ញើ អោយអង្គភាពពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បន្តកំណត់​ផែន​ការ​​សកម្មភាព តាមសំណូម​ពរតម្រូវការរបស់ប្រជាពលរដ្ឋ ឆ្ពោះសម្រេចអោយតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាល​នៅឆ្នាំ​២០​២៥​ ​​ប្រជាពលរដ្ឋគ្រប់រូបនិងសហគមន៍ត្រូវមានទឹកស្អាតប្រើប្រាស់គ្រប់គ្នា។

    គួរបញ្ជាក់ថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត​របស់ក្រុមការងារបច្ចេកទេសវិស័យ​ផ្គត់​ផ្គង់​​​ទឹ​កស្អាត​និងអនាម័យជនបទខេត្ត កំពង់ឆ្នាំង បានប្រព្រឹត្តទៅ​ដោយមានការអញ្ជើញ​ចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គ​ភាព​ពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងសមាជិកក្រុមការងាបច្ចេករទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត​អនាម័យ​ជនបទ​ថ្នាក់ខេត្ត និង​តំណាង​ដៃគូរអភិវឌ្ឍន៍ជាតិ អន្តរជាតិផងដែរ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង