កំពង់ឆ្នាំង ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ( បាក់ឌុប ) នៅឆ្នាំនេះ ខេត្តកង់ឆ្នាំង មានបេក្ខជនដែលបានដាក់ពាក្យសរុបចំនួនជាង៤ពាន់នាក់ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សុឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ។
លោកប្រធានមន្ទីរ បានឲ្យដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០២២នេះ ខេត្តកំពង់ឆ្នាំងមានបេក្ខជនសរុបចំនួន ៤ ៣០៤នាក់ ស្រីចំនួន២ ៣៧៦នាក់។ មានមណ្ឌលប្រឡងចំនួន៨មណ្ឌល ចែកចេញជា១៧៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្រ្តមាន២មណ្ឌល ចែកចេញជា៤០បន្ទប់ មានបេក្ខជន ចំនួន១ ០៥៩នាក់ ស្រីចំនួន៦៩៥នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន៦មណ្ឌល ចែកចេញជា១៣៣បន្ទប់ មានបេក្ខជនចំនួន ៣ ២៤៥នាក់ ស្រី ១ ៦៨១នាក់ ។
នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញបើកវិញ្ញាសាប្រឡង នៅមណ្ឌលប្រឡង វិទ្យាល័យព្រះបាទសុរាម្រិត ក្រុងកំពង់ឆ្នាំង ជាមួយអភិបាលរងខេត្តនិងលោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ ។
នៅក្នុងឳកាសនោះ ឯកឧត្តម អភិបាលខេត្តបានផ្តាំផ្ញើដល់បេក្ខជន ដែលបានចូលរួមប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១-២០២២ នេះ ត្រូវខិតខំធ្វើកិច្ចការ រៀងៗខ្លួន ស្របតាមការណែនាំ របស់ក្រសួងអប់រំ យុវជននិងកីឡា ដែលបានកំណត់ ដើម្បីធានារក្សាឱ្យបាន ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយ សន្តិសុខ សណ្ដាប់ធ្នាប់និងសុវត្ថិភាព តម្លាភាព ប្រសិទ្ធភាព និង យុត្តិធម៌ ពោលគឺ អ្នកចេះ គឺជាប់ ៕











