ជនជាតិចិនដែលឆ្លងវីរុសកូរ៉ូណានៅខេត្តព្រះសីហនុ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយការធ្វើតេស្ដលើកទី៣ បង្ហាញលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណា

  • យោងតាម​សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានអោយដឹងថា បុរសជនជាតិចិន ដែលឆ្លងវីរុសកូរ៉ូណា​នៅខេត្តព្រះសីហនុ ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​អនុញ្ញាតឲ្យចេញពីមន្ទីរ​ពេទ្យហើយ នៅព្រឹកថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ​ បន្ទាប់​ពីការធ្វើតេស្ដលើកទី៣​បង្ហាញ​លទ្ធផល​អវិជ្ជ​មាន​វីរុស​កូរ៉ូ​ណា។

    គួររំលឹកថា ជនជាតិចិនរូបនេះមានឈ្មោះ ចា ជិនហូរ អាយុ៦០ឆ្នាំ បានធ្វើដំណើរ​មកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ​៣នាក់ទៀត មក​ដល់​​ក្រុង​ព្រះ​សី​ហ​នុ ​ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ បន្ទាប់​ពីមកដល់រយៈ​ពេល២ថ្ងៃ លោកមានអាការៈក្អក ក្តៅខ្លួនខុស​ធម្មតា ហើយ​ត្រូវ​បាន​មន្រ្តីសុខាភិបាល យកសំណាកបំពងកទៅពិនិត្យឃើញថា គាត់មានជំងឺរលាក​ផ្លូវដង្ហើមប្រភេទ​ថ្មីកូរ៉ូណា នៅថ្ងៃទី២៧ ខែ​មករា ឆ្នាំ២០២០ ព្រមទាំង​ដាក់ឱ្យសម្រាកព្យា​បាល​នៅមន្ទីរពេទ្យ​បង្អែក​ខេត្តព្រះសីហនុ។

    ក្រសួងសុខាភិបាល បានបញ្ជាក់ផងដែរថា សម្រាប់ក្រុមគ្រួសាររបស់បុរសជនជាតិចិនរូបនេះ ៣នាក់ផ្សេងទៀត ក៏ត្រូវបានអនុញ្ញាត​ឲ្យ​ត្រឡប់​ទៅវិញ​ជួប​ជុំ​គ្រួសារ ក្រោយពី​ពួកគេត្រូវ​បានតាម​ដាន និងរកឃើញ​ថា ពុំមានរោគ​សញ្ញាវីរុស​កូរ៉ូណា រហូត​មក​ដល់ថ្ងៃ​​នេះ។

    គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន​ អម​ដោយ​ថ្នាក់​ដឹកនាំ​ក្រសួងសុខាភិបាល ថ្នាក់ដឹកនាំខេត្តព្រះសីហនុ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងស្ថាន​ទូត​ចិន​នៅ​កម្ពុជា​ បានអញ្ជើញចុះ​ពិនិត្យផ្ទាល់ពីស្ថានភាពបុរស​ជនជាតិចិន នៅខេត្តព្រះសីហនុ មុនអនុញ្ញាត​ឲ្យគាត់ចាក​ចេញពី​មន្ទីរពេទ្យ៕​

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង