ដែនទឹកសាបក្នុងខេត្តកំពង់ឆ្នាំង បានបើកអនុញ្ញាតឲ្យនេសាទឡើងវិញ ចាប់ពីថ្ងៃទី០១ ខែតុលា នេះតទៅ រួមជាមួយដែនទឹកសាបក្នុងខេត្ត រាជធានីដទៃផ្សេងទៀតរួមមាន ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ស្ទឹងត្រែង និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។

ដោយឡែក ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ ចាប់បើកអនុញ្ញាឲ្យនេសាទពីថ្ងៃទី០១ ខែវិច្ឆិកា ។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅក្នុងរយៈពេលបើកនេសាទនេះ អ្នកនេសាទទាំងអស់ ត្រូវប្រើឧបករណ៍នេសាទដែលអនុញ្ញាតឱ្យធ្វើនេសាទក្នុងដែននេសាទទឹកសាប ស្របតាមច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជាមួយគ្នានេះ រដ្ឋបាលជលផលក៏ណែនាំចំពោះអ្នកនេសាទដែលមានបំណងធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍“ ម៉ាញ់” នៅដងទន្លេមេគង្គ និងដងទន្លេសាប ក្នុងទីតាំងដែលរាជរដ្ឋាភិបាលបានអនុញ្ញាត ត្រូវអញ្ជើញមកទំនាក់ទំនងសុំលិខិតអនុញ្ញាតពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តពាក់ព័ន្ធ ដើម្បីទទួលការណែនាំពីសមត្ថកិច្ចជំនាញជលផលអំពីបច្ចេកទេស និង បទបញ្ជានានា ដែលពាក់ព័ន្ធដល់ការធ្វើនេសាទ ៕











