ករណី​ឆេះ​ផ្សារ​ពង្រ ក្នុង​ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់​ឆ្នាំង​ ខូច​ខាត​ផ្ទះ​១​ខ្នង​ប៉ះ​ពាល់​២​ខ្នង​ តូប​ចំនួន​៣​និង​សម្ភារៈ​មួយ​ចំនួន​ធំ​

  • កំពង់ឆ្នាំង ៖ មូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យឆាបឆេះផ្សារពង្រ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោងជិត៩យប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ គឺបណ្តាលមកពីការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះ ។ នេះបើតាមការបញ្ជាក់ របស់លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរង ទទួលបន្ទុកការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ។

    លោក ស្នងការរង បានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីម្ចាស់ផ្ទះមានការធ្វេសប្រហែស ដោយបានដោតឌុយទូក្លាស់សេភេសជ្ជៈទុកចោលយូ ធ្វើឲ្យឡើងកំដៅបន្តិចម្តងៗ រលួយអុីសូឡង់សល់តែខ្សែភ្លើងស្រាតប៉ះគ្នាបណ្តាលឲ្យទុស្សេ បង្ករជាអគ្គិភ័យឆាបឆេះតែម្តង ។

    លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា បានឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោក់ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឲ្យលោកដឹកនាំកម្លាំងចេញអន្តរាគមន៍ភ្លាមៗផងដែរ ។ ហើយនៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ មានរថយន្តចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២ឡានទើបភ្លើងរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង១២យប់ ក្នុងថ្ងៃដដែល ។

    លោកស្នងការរងនគរបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ប៉ុន្តែបណ្តាលឲ្យឆេះខូចខាតផ្ទះ១ខ្នង ប៉ះពាល់២ខ្នងនិងតូបចំនួន៣ ព្រមទាំងឆេះខូចខាតសម្ភារៈសរុបជាទឹកប្រាក់ អស់ប្រមាណជាង២ម៉ឺនដូល្លា ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង