ក្រុម​ការ​ងារ​ពិ​សេស​លុប​បំ​បាត់​ជំងឺ​គ្រុន​ចាញ់​ខេត្ត​កំ​ពង់​ឆ្នាំង​ប្រ​ជុំ​បូក​សរុប​ការ​ងារ​ត្រី​មាស​ទី​១​ ឆ្នាំ​២០២២​

  • កំពង់ឆ្នាំង៖នៅមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និង លើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ ក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និង ជាប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត និង ឯកឧត្តម វេជ្ជៈបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង ។

    ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ឲ្យដឹងថា នៅក្នុងត្រីមាសទីមួយ ដើមឆ្នាំ២០២២នេះ ស្ថានភាពជំងឺគ្រុនចាញ់នៅក្នុងខេត្តកំពង់ឆ្នាំង មានការថយចុះបើប្រៀបធៀបទៅនឹងរយះពេលដូចគ្នា ទៅនឹងឆ្នាំ២០២១ ។


    ឯកឧត្តមបញ្ជាក់ថាកន្លងទៅមន្ត្រីកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ មន្ទីរសុខាភិបាលខេត្ត បានសហការជាមួយមន្ត្រីពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន ចុះអប់រំផ្សព្វផ្សាយនិងចែកមុងជ្រលក់ថ្នាំ ដល់ប្រជាពលរដ្ឋ នៅតាមតំបន់ប្រឈមមួយចំនួន ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ដឹងនិងចូលរួមអនុវត្ត ។

    ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីសុខាភិបាលនិងក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ ដែលបានចូលរួមសហការ ធ្វើឲ្យស្ថានភាពជំងឺគ្រុនចាញ់នៅក្នុងខេត្តកំពង់ឆ្នាំង មានការថយចុះ ។

    កិច្ចប្រជុំបានធ្វើការពិភាក្សា និង បានបន្តជំរុញក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនឲ្យសម្រេចបានតាមផែនការយុទ្ធសាស្ត្រជាតិនិងផែនការសកម្មភាពលម្អិតច្បាស់លាស់ គឺខិតខំលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ទាំង​ស្រុង នៅឆ្នាំ២០២៥ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង