ឆ្នាំ​នេះ​ខេត្ត​កំពង់​ឆ្នាំង​ ធ្វើ​ស្រែ​វស្សា​បាន​លើស​ផែន​ការ​ ហើយ​ស្រូវ​កំពុង​ដុះ​លូត​លាស់​ល្អ ​និង​មិន​មាន​ផល​ប៉ះ​ពាល់​​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​ឡើយ​

កំពង់ឆ្នាំង ៖ឆ្នាំនេះប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង ធ្វើស្រែវស្សាបានលើសផែនការ ហើយនៅពេលនេះស្រូវកំពុងដុះលូតលាស់ល្អ និងមិនមាន​រង​ផល​ប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងឡើយ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ។

លោកប្រធានមន្ទីរ បានឲ្យដឹងថា នៅឆ្នាំនេះខេត្តកំពង់ឆ្នាំង មានផែនការធ្វើស្រែវស្សាលើផ្ទៃដីចំនួន ១២២ ០០០ ហិកតា ។ ប៉ុន្តែប្រជាកសិករសម្រេចធ្វើការដាំដុះបានលើសផែនការ គឺធ្វើបានលើផ្ទៃដីសរុប ១២៦ ៦៤១ ហិកតា ។ ក្នុងនោះស្រូវស្រាលចំនួន ១៩ ៨៣០ ហិកតា ស្រូវកណ្តាលចំនួន៦១ ៣០៥ ហិកតា និងស្រូវធ្ងន់ធ្វើបានចំនួន ៤៥ ៥០៦ ហិកតា ។

លោក ងិន ហ៊ុន បានឲ្យដឹងទៀតថា ដោយសារមានទឹកគ្រប់គ្រាន់ ស្រូវកំពុងដុះលូតលាស់ល្អហើយជំនន់ទឹកភ្លៀង ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ មិនទាន់មានផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិករ នៅឡើយទេ ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងបន្ថែមទៀតថា ក្រៅពីដាំដុះស្រូវវស្សា ប្រជាកសិករបានធ្វើការដាំដុះដំណាំរួមផ្សំ និងចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីបង្កើនជីវភាពក្នុងគ្រួសារ ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង