កំពង់ឆ្នាំង៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារទីបញ្ជាការ និងសមិទ្ធផលនានា របស់បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។
ថ្លែងក្នុងពិធីសម្ពោធនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលជាច្រើន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះសម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ និងសុខុមាលភាពរបស់យោធិន និងក្រុមគ្រួសារ តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ក៏ដូចជាការដោះស្រាយរាល់ការលំបាកផ្សេងៗ ។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏ថ្លែងអំណរគុណផងដែរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័នស៊ីវិល ព្រមទាំងសប្បុរសជន ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ ដែលនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទ ។ មួយវិញទៀត ការអភិវឌ្ឍរីកចម្រើនរបស់បណ្តាស្ថាប័ន-កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទមកដល់បច្ចុប្បន្ន ក៏មិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមចំណែកប្រកបដោយការលះបង់ និងគំនិតច្នៃប្រឌិតរបស់ថ្នាក់ដឹកនាំ និងយោធិនទាំងអស់ នៅក្នុងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏សម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតប្រឹងប្រែងរបស់បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ដែលកន្លងទៅនេះបានបំពេញតួនាទី-ភារកិច្ចទទួលបានលទ្ធផល និងស្នាដៃល្អប្រសើរ ទាំងលើការងារគ្រប់គ្រងកម្លាំងសម្រាប់អន្តរាគមន៍តាមបទបញ្ជា, ការងារហ្វឹកហ្វឺនជំនាញកាំភ្លើងធំតាមផែនការប្រចាំឆ្នាំ និងការចាត់តាំងយោធាចារ្យចុះបង្រៀននៅតាមអង្គភាពមូលដ្ឋាន គឺពិតស័ក្តិសមជាអង្គភាពឆ្នើមមួយ ដែលដើរតួនាទីយ៉ាងសំខាន់ជាសេនាធិការលើការងារដឹកនាំបញ្ជា និងគ្រប់គ្រងកម្លាំងទ័ពជំនាញកាំភ្លើងធំទូទាំងកងទ័ពជើងគោក។











