កំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ទ្រង់ទ្រាយធំនៅស្រុកបរិបូរណ៍ ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅរសៀលថ្ងៃទី២៦ មិនានេះថាជនសង្ស័យទាំង២នាក់នេះ ត្រូវបានឃាត់ខ្លួននៅក្នុងស្រុកបរិបូរណ៍ ក្នុងនោះម្នាក់ប្រព្រឹត្តបទល្មើសឆក់ត្រីនិង ម្នាក់ទៀតជាអ្នកប្រមូលទិញត្រីពីអ្នកឆក់ ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និង នេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅពេលសកម្មភាពបង្ក្រាបរបស់កម្លាំងចម្រុះកំពុងតែបន្តនៅតាមគោលដៅ ដែលមានបទល្មើស ។ ចំពោះលទ្ធផលថ្ងៃទី២៦ មិនានេះកម្លាំងចម្រុះសម្រេចរុះរើបំផ្លាញចោល របាំងសាច់អួនចំនួន១៧កន្លែង ប្រវែង១ ១៣០ម៉ែត្រ បង្គោលចំនួន៧០០ដើម លូសាច់អួនចំនួន៩គ្រឿង រុះរើសម្រាស់ចំនួន២១កន្លែង ទំហំ១ ៨៥០ម៉ែត្រក្រឡា និង បង្គោលចំនួន៤៧០ដើម ៕











