កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជួបការខ្វះខាតក្នុងជីវភាព ៦គ្រួសាររស់នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគ ពីក្រុមកង់កំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ។

លោក ទេព សុខុម តំណាងក្រុមកង់កំពង់ឆ្នាំង បានបញ្ជាក់ថា អំណោយជាស្បៀងអាហារនិងថវិកា ដែលបានផ្តល់ជូនប្រជាពលរដ្ឋជួបការខ្វះខាតក្នុងជីវភាពនាពេលនេះ គឺបានមកពីការកៀរគរពីសប្បុរសជន និងសមាជិកនៅក្នុងក្រុមកង់កំពង់ឆ្នាំង ។

លោក ទេព សុខុម បានបញ្ជាក់ទៀតថា សកម្មភាពនេះ ជាការបំផុសលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឲ្យចូលរួមលេងកីឡាដោយជិះកង់ដើម្បីសុខភាព និងចូលរួមធ្វើសកម្មភាពមនុស្សធម៌ជួយដល់អ្នកជួបការខ្វះខាតក្នុងជីវភាព ចែករំលែកសេចក្តីស្រឡាញ់ឱ្យគ្នាទៅវិញទៅមក ជួយសង្គម ស្របតាមបាវចនារបស់ក្រុមកង់គឺ សុខភាព មិត្តភាព សប្បុរសធម៌ ។

គួរបញ្ជាក់ថា អំណោយដែលក្រុមកង់កំពង់ឆ្នាំង បានផ្តល់ជូនប្រជាពលរដ្ឋជួបការខ្វះខាតក្នុងជីវភាពទាំង ៦គ្រួសារនោះ គឺក្នុងមួយគ្រួសារទទួលបានថវិកា ៤៥ម៉ឺនរៀល អង្ករ៥០គីឡូក្រាម ត្រីខ ១យួរ មីម៉ាម៉ា ១កេស ទឹកត្រីនិងទឹកស៊ីអុីវ១យួរ ទឹកសុទ្ធកម្ពុជា ១កេស និងម៉ាស ១ប្រអប់។

គិតមកទល់ពេលនេះ ក្រុមកង់កំពង់ឆ្នាំង បង្កើតបានរយៈពេល៦ឆ្នាំហើយ ដោយបានចូលរួមសកម្មភាពសប្បុរសធម៌ ដោយបានផ្តល់អំណោយជាស្បៀងអាហារនិងថវិកា ដល់ប្រជាពលរដ្ឋជួបការខ្វះខាតក្នុងជីវភាពបានជាច្រើនគោលដៅនៅក្នុងខេត្ត។ ក្រៅពីនេះក្រុមកងកំពង់ឆ្នាំង ក៏មានមូលនិធិដែលឧបត្ថម្ភ ដោយសមាជិកក្នុងមួយខែម្នាក់ចំនួនមួយម៉ឺនរៀល ដើម្បីទុកសម្រាប់ប្រើប្រាស់ ជួយដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាត នៅតាមតំបន់នានានៅក្នុងខេត្ត ដែលក្រុមកង់បានជិះទៅដល់ផងដែរ៕














