កំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួននៅវេលាម៉ោង៦និង១៥នាទីយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ដោយសារតែរកឃើញថា បានការរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននេះ មានឈ្មោះ ម៉ាំ ម៉ី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ រស់នៅភូមិវត្ដសេដ្ឋី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ក្នុងប្រតិបត្តិការបង្រ្កាបសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមានថ្នាំញៀនចំនួន០៩កញ្ចប់ ទូរស័ព្ទមួយគ្រឿង ដាវចំនួន២ដើម កាំភ្លើងកែឆ្នៃចំនួន០៣ដើម ម៉ូទ័រឆក់ត្រីមួយ ឧបករណ៍ប្រើប្រាស់ និងវិចខ្ចប់ថ្នាំញៀនមួយចំនួន។
គួរបញ្ជាក់ថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយមានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ទោ ឃឹម សុផាត នាយរងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ប៉ុស្ដិ៍នគរបាលរដ្ឋបាលសេដ្ឋី និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឈូកស ៕ អត្ថបទ៖ និវឌ្ឍន៍