កំពង់ឆ្នាំង ៖ ប្រជាកសិករ នៅក្នុងខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមចុះភ្ជួររាស់ សាបព្រោះ ជាបណ្តើរៗហើយ ដើម្បីឲ្យទាន់រដូវកាលក្រោយពីមានភ្លៀងធា្លក់ ជាបន្តបន្ទាប់មកនោះ ។

លោក ងិន ហ៊ុន ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រម៉ាញ់ និងនរសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះប្រជាកសិករនៅទូទាំង ខេត្តកំពង់ឆ្នាំង ទើបតែសម្រេចដាំដុះស្រូវវស្សាបានផ្ទៃដី ចំនួន៦ ៥៥០ ហិកតា តែប៉ុណ្ណោះ ។

លទ្ធផលនៃការដាំដុះនេះស្មើនឹង ៥,០០ ភាគរយ នៃផែនការ១៣១ ០០០ ហិកតា។ ក្នុងនោះព្រោះស្រូវស្រាលបាន ចំនួន៤៥១ ហិកតា ស្រូវកណ្តាលបានចំនួន ៤៦៥ ហិកតា និងព្រោះស្រូវធ្ងន់បាន ចំនួន១ ៥៧២ ហិកតា ។

លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ឆ្នាំនេះការដាំដុះស្រូវវស្សា មានសភាពយឺតជាងឆ្នាំមុន បើគិតក្នុងរយះពេលដូចគ្នា។ ចំពោះមូលហេតុដោយសារកត្តាធម្មជាតិមិអំណោយផល គឺទឹកភ្លៀងធ្លាក់យឺតជាងឆ្នាំមុន ៕