វត្ត​អារាម​និង​ព្រះសង្ឃ​ជា​ប្រភព​សម្រាប់​បណ្តុះ​បណ្តាល​នូវ​បញ្ញា​ញាណ​ ជា​ថ្នាល​បណ្តុះ​គ្រាប់​ពូជ​បញ្ញវ័ន្ត​សម្រាប់​​ការ​​អភិរក្ស​និង​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ​

  • កំពង់ឆ្នាំង ៖វត្តអារាមនិងព្រះសង្ឃជាប្រភពសម្រាប់ការបណ្តុះបណ្តាលនូវបញ្ញាញាណ ជាថ្នាលបណ្តុះបណ្តាលគ្រាប់ពូជបញ្ញវ័ន្ត សម្រាប់ការអភិរក្ស និងអភិវឌ្ឍ​ជាតិលើគ្រប់វិស័យ ។ នេះជាប្រសាសន៍របស់ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ថ្លែងក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ អនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃលើកទី៣២ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវត្តវាលុកថុល្លារាម ( វត្តទួលខ្សាច់ ) ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

    ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ថា ដើម្បីឲ្យប្រទេសជាតិមួយមានការអភិវឌ្ឍប្រកបដោយសីលធម៌ និងមានចីរភាព ទាមទារឲ្យមានការអប់រំ​ផ្នែកសីលធម៌ គុណធម៌ និងចរិយាធម៌ ជាចាំបាច់មិនអាចខ្វះបាន ពិសេសគឺការអប់រំតាមគន្លងមាគ៌ា នៃព្រះពុទ្ធសាសនា ។ព្រះពុទ្ធសាសនាតែងតែអប់រំមនុស្សឲ្យធ្វើអំពើល្អ ស្គាល់បុណ្យ បាប គុណ ទោស វាចាកអំពើអាក្រក់ទាំងពួង និងមានការសន្តោសយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ។

    ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអំពាវនាវដល់ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ គណៈកម្មការ អាចារ្យគ្រប់វត្ត ព្រមទាំងពុទ្ធបរិស័ទ្ទ បន្តខិតខំយកចិត្តទុកដាក់ រួមគ្នាអនុវត្តគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានផ្តល់លទ្ធភាពគ្រប់បែបយ៉ាង ធ្វើឲ្យវិស័យព្រះពុទ្ធសាសនា កាន់តែមានជំនឿជឿជាក់ ពីប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់ ។

    សូមបញ្ជាក់ថា នៅទូទាំងខេត្តកំពង់ឆ្នាំង មានវត្តចំនួន ២១៩វត្ត និងអាស្រមចំនួន១៤ មានព្រះសង្ឃគង់ចាំព្រះវស្សាសរុប២ ៨១៤អង្គ ក្នុងនោះភិក្ខុ​៧៣៨​អង្គ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង