កំពង់ឆ្នាំង ៖ មកដល់នឹងរសៀលថ្ងៃទី១៦ ខែកញ្ញ ឆ្នាំ២០២១នេះផ្សារលើខេត្តកំពង់ឆ្នាំង នៅមិនទានបើកដំណើរការលក់ដូរឡើងវិញនៅឡើយទេ ។ ប៉ុន្តែបើតាមប្រភពពីមន្ត្រីរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ផ្សារលើអាចនឹងបើកឡើងវិញនៅថ្ងៃទី១៧កញ្ញា ស្អែកនេះ ។

លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកបានធ្វើសំណើរមួយគោរពជូន ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីសុំគោលការណ៍ បើកឲ្យដំណើរការផ្សារលើឡើងវិញ ក្រោយពីបានបិទខ្ទប់អស់រយះពេលមួយសប្តាហ៍កន្លងទៅ ។ ប៉ុន្តែមកដល់នឹងព្រឹកថ្ងៃទី១៦ កញ្ញា នេះ មិនទាន់ទទួលបានសេចក្តីសម្រេចស្តីពីការបើកផ្សារលើឡើងវិញពីរដ្ឋបាលខេត្តនៅឡើយទេ ។

លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា ក្រោយពីបិទខ្ទប់អស់រយះពេលមួយសប្តាហ៍កន្លងទៅ ការធ្វើតេស្ត របស់ក្រុមគ្រូពេទ្យ លើអាជីវកររកមិនឃើញមានអ្នកវិជ្ជមានកូវិដ១៩ ទៀតឡើយ ។ ហើយម្យ៉ាងទៀត ដើម្បីសម្រួលដល់ជីវភាពរបស់ពួកគាត់ ទើបអាជ្ញាធរក្រុង សុំគោលការណ៍បើកឲ្យដំណើរការលក់ដូរឡើងវិញ ។

គួរបញ្ជាក់ថា ផ្សារលើជាផ្សារធំជាងគេ នៅក្នុងខេត្ត ដែលមានទីតាំងស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រេចបិទជាបណ្តោះអាសន្នលើកទី២ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ។

ការសម្រេចបិទជាបណ្តោះអាសន្នផ្សារលើក្រុងកំពង់ឆ្នាំង លើកទី២នេះ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវិដ១៩ ក្នុង”ព្រឹត្តិការណ៍សហគមន៍២០កុម្ភះ” បន្ទាប់ពីបានរកឃើញ អ្នកវិជ្ជមានកូវិដ ១៩ បំប្លែងថ្មី ប្រភេទ Delta ជាអាជីវករលក់ដូរនៅក្នុងផ្សារនេះ ៕











