កំពង់ឆ្នាំង ៖ លោក យិន សាវេន អភិបាលរងខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់សិស្សានុសិស្ស ឲ្យចូលរួមលេងកីឡា ហើយត្រូវចៀសវាងការទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ជាពិសេសចៀសឲ្យឆ្ងាយពីគ្រឿងញៀន។

លោក អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ អំពាវនាវបែបនេះ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សានិងមធ្យមសិក្សា នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ។

លោក យិន សាវេន បានបញ្ជាក់ថា សកម្មភាពកីឡា បានផ្តល់នូវសារប្រយោជន៍ ចំពោះការកែប្រែឥរិយាបថ លប់បំបាត់អំពើហឹង្សា ដោយបង្ហាញនូវភាពទន់ភ្លន់ បង្កើនគុណភាពផ្នែកសិលធម៌ សុជីវធម៌ ឲ្យបានសមស្របទៅតាមស្មារតីនៃការលើកកម្ពស់កិត្យានុភាពជាតិនៃកេរ្តិដំណែលប្រពៃណីវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិនិងសេចក្តីថ្លៃថ្នូរបស់ខ្មែយើង ។

ទន្ទឹមនឹងនេះវិស័យកីឡា បានរួមចំណែកកាត់បន្ថយភាពអសកម្ម អំពើអបាយមុខក្នុងសង្គម ដូចជាការសេពគ្រឿងញៀន លេង ល្បែងស៊ីសង បង្ករអំពើហឹង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ នៅក្នុងសង្គមជាតិ ។

លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សា និង មធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៣ – ២០២៤ នេះ មានសមាសភាពប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចូលរួមសរុបចំនួន ១ ៨០០នាក់ ស្រីចំនួន ៨១៧នាក់ មាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និង ប៉េតង់ ។
លោក ប្រធានមន្ទីរ បញ្ជាកថា ការប្រកួតកីឡាសិស្សបឋមសិក្សា និង មធ្យមសិក្សាថ្នាក់ខេត្ត នាពេលនេះគឺដើម្បីជ្រើសរើសជើងឯក ប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ សម្រាប់ទៅចូលរួមប្រកួតកីឡាសិស្សជ្រើសរើសជើងឯកថ្នាក់ជាតិ នាពេលខាងមុខ នៅរាជធានីភ្នំពេញ ៕










