ប្រវត្តិ​នៃ​ពិធី​សំពះ​ព្រះខែ​​ អក​អំ​បុក​

  • ពិធីអកអំបុក គឺធ្វើឡើងនៅរាត្រីពេញបូរមីថ្ងៃ១៥កើត ខែកក្តិករៀងរាល់ឆ្នាំ។ ខ្មែរយកនំចំណីមានអំបុកចេកជាដើមមកបូជាព្រះច័ន្ទហៅថា ពិធីបុណ្យសំពះព្រះខែ អកអំបុកនេះឯង។ នៅក្នុងពិធីសំពះព្រះខែនេះ គឺមានសម្រក់ទៀនលើស្លឹកចេកស្រស់ ដើម្បីផ្សងមើលទឹកភ្លៀងក្នុងឆ្នាំបន្ទាប់នៃឆ្នាំនេះ។ បន្ទាប់ពីសម្រក់ទៀនមកគេនាំគ្នាអកអំបុក ដែលធ្វើក្នុងវេលាយប់នៃខែកត្តិកនោះ។ ពេលសំពះខែ និងអកអំបុកនេះដែរ ខ្មែរអ្នកស្រុកតែងតែសូមសុខសួស្ដីតាមប្រពៃណី បុរាណព្រេងព្រឹទ្ធ។

    ពិធីនេះគេធ្វើឡើងដើម្បីថ្វាយសក្ការៈបូជាចំពោះទន្សាយព្រះពោធិសត្វ ដែលរូបព្រះឆាយាលក្ខណ៍របស់ព្រះអង្គផ្ដិតជាប់នឹងព្រះខែ ដើម្បីបំភ្លឺសត្វលោករៀងមកក៏ដូចជាឧទ្ទិសថ្វាយព្រះពោធិសត្វនូវផលានុផល ដែលជាចំណីរបស់ព្រះអង្គក្នុងវេលាយប់ពេញបូរមីនៃខែកក្ដិកជាពេល ព្រះខែលេចរូបរាងច្បាស់។ ហេតុនេះ គេក៏ថ្វាយត្រាវ ដំឡូង ដូង ចេក អំបុក ដែលជាចំណី ទន្សាយពោធិសត្វ។

    ចំណែកប្រវត្តិនៃពិធីសំពះព្រះខែវិញ យោងតាមឯកសារក្រុមជំនុំទំនៀមទម្លាប់ខ្មែរដដែល ពិធីនេះជាប់ទាក់ទង យ៉ាងជិត ស្និទ្ធទៅនឹង ប្រវត្តិរបស់ព្រះពុទ្ធដែលបានដំណាលថា ព្រះបរមព្រះពោធិសត្វក្នុងកាលដែលព្រះអង្គយោងចាប់កំណើតជាសត្វទន្សាយ ព្រះអង្គបានអធិដ្ឋានរក្សាសីល និងបំពេញបារមីដើម្បីបានត្រាស់ជាព្រះពុទ្ធ។ ព្រះឥន្ទទ្រង់បានក្រឡាខ្លួនជាព្រាហ្មចាស់ម្នាក់មកសុំមំសះ ឬសាច់ទន្សាយដើម្បីបរិភោគជាអាហារ។

    ទន្សាយព្រះពោធិសត្វបានឲ្យព្រាហ្មនោះបង្កាត់ភ្លើងឲ្យឆេះសន្ធោសន្ធៅ ហើយ ទន្សាយជាព្រះពោធិសត្វបានរលាស់ខ្លួនបីដង ដើម្បីឲ្យសត្វល្អិតដែលនៅជាប់នឹងរោមជ្រុះអស់ រួចហើយក៏បានលោតចូលទៅក្នុងភ្លើង។ ក៏ប៉ុន្តែភ្លើងនោះក៏ប្រែទៅជាពុំឆេះសន្ធោសន្ធៅទៅវិញ។ ទតឃើញដូច្នេះ ព្រាហ្មដែលជាព្រះឥន្ទក៏បានពាំនាំយកសត្វទន្សាយជាពោធិសត្វនោះហោះឡើងទៅកាន់មណ្ឌលព្រះចន្ទ និងបានអធិដ្ឋានឲ្យរូបទន្សាយនោះ នៅជាប់នឹងព្រះចន្ទជារៀងរហូតដើម្បីបានផ្តិតរូបព្រះឆាយាលក្ខណ៍របស់ទន្សាយព្រះពោធិសត្វបំភ្លឺសត្វលោក។

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង