លោក​ជំទាវ​កិត្តិ​សង្គ​ហ​បណ្ឌិត​ ម៉ែន​ សំអន​ សរ​សើរ​អាជ្ញា​ធរ​ខេត្ត​កំពង់​ឆ្នាំង​​ដែល​បាន​រៀប​ចំ​​ពិធី​ប្រណាំង​​ទូក​​យ៉ាង​សប្បាយ​រីករាយ​ និង​អធិ​ក​អធម​

  • កំពង់ឆ្នាំង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីភាព បិទពិធីប្រណាំងទូកនៅខេត្តកំពង់ឆ្នាំង នារសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។

    ថ្លែងទៅកាន់មន្ត្រីរាជការ កីឡាករ កីឡាការិនីទូកអុំ ទូកចែវ ក៏ដូចជាប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរអាជ្ញាធរខេត្តកំពង់ឆ្នាំង ដែលបានរៀបចំពិធីប្រណាំងទូក យ៉ាងសប្បាយរីករាយ និងអធិកអធមជាទីបំផុត ។

    លោកជំទាវ បានចូលរួមអបអរសាទរជាមួយចំណុះទូកទាំងអស់ដែលបានចូលរួមប្រកួតនៅក្នុងថ្ងៃនេះ ដែលបានបង្ហាញអំពីការរួមសាមគ្គីគ្នា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍ ។ ដោយសារតែកម្ពុជាមានសុខសន្តិភាព ទើបមានការជួបជុំយ៉ាង សប្បាយបែបនេះ ដោយមិនខ្លាច និងមានការ​ភិត​ភ័​យដូចបណ្តាប្រទេសមួយចំនួន ។ ក្នុងន័យនេះ លោកជំទាវបានអំពាវនាវឲ្យប្រជាពលរដ្ឋឲ្យរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីនាំមកនូវភាពសប្បាយ រីក​រាយ​ដូចពេលនេះ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ពិសេស វិធានការណ៍ ៣ការពារ ៣កុំ ឲ្យបានគ្រប់គ្នា ពិសេស ត្រូវអញ្ជើញទៅ ពិនិត្យបញ្ជីឈ្មោះ និង ចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាតាមកាលបរិច្ឆេទកំណត់របស់គណៈកម្មាធិការជាតិនៃការបោះ​ឆ្នោត​ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២ នាពេលខាងមុខនេះ ។

    លោកជំទាវ បានបន្តទៀតថា ពិធីបុណ្យអុំទូកនេះរៀបចំឡើង ដើម្បីអបអរសាទរខួបលើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ, អបអរសាទរខួបលើកទី៦៩ ពិធីបុណ្យឯករាជជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ និងអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ ។

    គួរបញ្ជាក់ថា ពិធីប្រណាំងទូក ង តាំងពិព័រណ៍ បណ្ដែតប្រទីប និងអុចកាំដូច នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានប្រារព្ធឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២២។ ព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្ត បានរៀបចំស្តង់ពិព័រណ៍លក់ផលិតផល ការប្រគុំតន្ត្រី បណ្តែតប្រទីប និងបាញ់កាំជ្រួច ការប្រណាំងកង់ ការរត់ម៉ារ៉ាតុង និង ប្រដាល់គុនខ្មែរ ជាដើម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង