ឯកឧត្តម​ ទេស​រដ្ឋ​មន្ត្រី​ ស៊ុន​ ចាន់​ថុល​ ដឹក​នាំ​គណៈ​ប្រតិ​ភូ​ ចុះ​ត្រួត​ពិ​និត្យ​កំពង់​ផែ​ពហុ​បំណង​ និង​​មណ្ឌល​​​ភស្តុ​ភារ​កម្ម​ នៅ​ខេត្ត​កំពង់​ឆ្នាំង​

កំពង់ឆ្នាំង ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈ​ប្រតិភូ ចុះពិនិត្យកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនៅខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃក្រសួងពាក់ព័ន្ធ អភិបាលខេត្ត​ជុំវិញ អាជ្ញាធរដែនដី និងមន្ត្រីបច្ចេកទេស ជាច្រើនរូប ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង បានត្រៀមខ្លួនរួចរាល់សម្រាប់បើកប្រតិបត្តិការដឹកជញ្ជូន និងនាំចេញ​ជាផ្លូវការ នាពេលឆាប់ៗខាងមុខ ។ នៅក្នុងកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះ បានរៀបចំបំពាក់នូវឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធកត់ត្រារថយន្តដឹកជញ្ជូនដោយស្វ័យប្រវត្តិ Smart Truck Monitoring System (STM) ដែលមានលក្ខណៈងាយស្រួល សម្រាប់គ្រប់គ្រង តាមដាន និងត្រួតពិនិត្យរបាយការណ៍ ។

ប្រព័ន្ធនេះត្រូវបានដឹកនាំរៀបចំដោយ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអាចកត់ត្រាព័ត៌មានចូលចេញបរិវេណកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ។ ប្រព័ន្ធនេះមានសមត្ថភាព កត់ត្រា និងគណនាទម្ងន់ទំនិញ និងចេញវិក្កយបត្រដឹកជញ្ជូន QR Code បានភ្លាមៗ ព្រមទាំងផ្តល់ជូនរបាយការណ៍យ៉ាងសុក្រិត្យ ព្រមទាំងអាចចែករំលែក ទិន្នន័យ ជូនក្រសួងស្ថាប័ន្ធពាក់ព័ន្ធ តាមរយៈ ប្រព័ន្ធបច្ចេកវិទ្យា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនថា ទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងប្រតិបត្តិការដឹកជញ្ជូនទំនិញចូលកំពង់ផែមួយនេះ បាន និងកំពុងនាំមកនូវប្រសិទ្ធភាពការងារ កាត់បន្ថយការដឹកជញ្ជូនលើសទម្ងន់កម្រិតដោយច្បាប់ ជាពិសេសផ្តល់ឱ្យនូវតម្លាភាព ក្នុងការធ្វើអាជីវកម្មរបស់វិស័យឯកជន លើកស្ទួយសេដ្ឋកិច្ច និងធានាការគ្រប់គ្រងចំណូលជូនជាតិបានកាន់តែប្រសើរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្ថែមថា ការរៀបចំឱ្យបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះឡើង គឺក្នុងបំណងជំរុញការដឹកជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមរយៈផ្លូវទឹក ដោយកាត់បន្ថយការចំណាយពេលវេលា និងសោហ៊ុយក្នុងការដឹកជញ្ជូន ជាពិសេសគឺកាត់បន្ថយការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ងាយរងការខូចខាត។ ម្យ៉ាងវិញទៀតការសាងសង់កំពង់ផែ និងមណ្ឌលភស្តុភារកម្មនេះ ក៏បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង និងតំបន់ជុំវិញទៀតផង៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង