កំពង់ឆ្នាំង ៖លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវតែរួមគ្នាថែរក្សា ការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍន៍ ប្រទេសជាតិរបស់យើង ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។
លោកជំទាវ អ្នកតំណាងរាស្ត្រ បានថ្លែងអំពាវនាវបែបនេះ នៅក្នុងឳកាសដែលលោកជំទាវ អញ្ជើញជាអធិបតី បើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ១ខ្សែ នៅក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។
លោកជំទាវ កែ ច័ន្ទមុនី បានថ្លែងបញ្ជាក់ថា គុណតម្លៃនៃសន្តិភាពនេះហើយទើបយើង មានឱកាសធ្វើការអភិវឌ្ឍប្រទេសជាតិបានរីកចម្រើនដូចសព្វថ្ងៃនេះ។ ប្រទេសជាតិមានសុខ សន្តិភាពទើបមានការអភិវឌ្ឍន៍ បើមានសង្គ្រាម នោះអ្វីៗគ្រប់យ៉ាងនឹងត្រូវរងការបំផ្លិចបំផ្លាញ ជាពិសេសសេចក្តីសុខសប្បាយ និងអាយុជីវិតប្រជាពលរដ្ឋ រួមទាំងហេដ្ឋារចនាសម្ព័ន្ធនានា របស់សង្គមជាតិផងដែរ ។
លោកជំទាវ កែ ច័ន្ទមុនី ក៏បានលើកឡើងពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជាក្នុងរបបប៉ុល ពត ដែលរស់នៅក្នុងភាពភ័យខ្លាចនិងស្រេកឃ្លានបំផុត និងបានលើកឡើងពីគុណបំណាច់របស់ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការតស៊ូរំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹតនេះ ៕











