កំពង់ឆ្នាំង ៖អាជ្ញាធរខេត្តកំពង់ឆ្នាំង គ្រោងនឹងធ្វើការសាងសង់កំពង់ផែទេសចរណ៍ ថ្មីមួយទៀត នៅកំពង់ត្រឡាចក្រោម ដើម្បីបង្ករលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍ ជាពិសេសទេសចរណ៍បរទេស ដែលឡើងពីកប៉ាល់ ហើយបានបន្តដំណើរដោយជិៈរទេះគោ មកទស្សនាព្រះវិហារ និងផ្ទាំងគំនូរ នៅវត្តពោធិរុក្ខារាម ( វត្តកំពង់ត្រឡាចលើ )ដែលជាវត្តបូរាណមួយ ស្ថិតក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកពង់ឆ្នាំង ។

នេះបើតាមការបញ្ជាក់ឲ្យដឹង ពីឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៤ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានណែនាំឲ្យអភិបាលស្រុកកំពង់ត្រឡាច និងមន្ត្រីអង្គភាពដែលពាក់ព័ន្ធ ត្រូវសហការគ្នាចុះពិនិត្យមើលទីតាំងដែលត្រូវសាងសង់ និងរៀបជាសហគមន៍ទេសចរណ៍នេះ ឲ្យមានការចាប់អារម្មណ៍ និងមានភ្ញៀវទេសមកទស្សនាកាន់តែច្រើនឡើងបន្ថែមទៀត ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅដើមឆ្នាំ២០២៤នេះ ចំនួនភ្ញៀវទេសចរ ដែលបានមកលេងខេត្តកំពង់ឆ្នាំង មានការកើនឡើង។ ជាពិសេសទេសចរបរទេស បានកើនឡើងជាង៤៨ភារយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ។

លោក ប្រធានមន្ទីរបានឲ្យដឹងថា ភ្ញៀវដែលជាទេសចរបរទេសភាគច្រើនគាត់ធ្វើដំណើរតាមកប៉ាល់ ហើយបានមកឈប់សំចតនៅកំពង់ត្រឡាចក្រោម រួចបន្តដំណើរដោយជិៈរទេះគោមកទស្សនាព្រះវិហារ និងផ្ទាំងគំនូរ នៅវត្តពោធិរុក្ខារាម ( វត្តកំពង់ត្រឡាចលើ )ដែលជាវត្តបូរាណមួយ ស្ថិតក្នុងឃុំកពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ក្រោយពីទស្សនាចប់ ភ្ញៀវទេសចរទាំងនោះ បានបន្តដំណើរតាមកប៉ាល់ មកឈប់សំចតនៅមាត់ទន្លេផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ដើម្បីទស្សនាទេសភាព និងការរស់នៅរបស់ប្រពលរដ្ឋតាមដងទន្លេសាប។ និងបានធ្វើដំណើរតាមម៉ូតូកង់បី ទៅកាន់ភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ដែលជាភូមិទេសចរមួយ របស់ខេត្តកំពង់ឆ្នាំង។ អ្នករស់នៅក្នុងភូមិអណ្តូងឬស្សីនេះ ភាគច្រើនប្រកបមុខរបរស្មូនឆ្នាំង ធ្វើវត្ថុអនុស្សាវរីយ៍ និងផលិតផលអំពីដីដុត ៕