កំពង់ឆ្នាំង ៖ ព្រះតេជគុណ ឆន ឆុន ព្រះគ្រូចៅអធិការវត្តទេពធីតារាម ព្រះអនុគណក្រុងកំពង់ឆ្នាំង និង លោកអិន សាវ៉ាន ប្រធានគណៈកម្មការគ្រប់គ្រងទូក បានដឹកនាំរៀបចំធ្វើពិធីក្រុងពលីទូកចំនួន២ គឺទូកឈ្មោះទេពធីតាសែនជ័យ បារមីជំទាវទេព និង ទូកឈ្មោះបារមីទេពនិមិត្តក្រោយពីបានតុបតែង គូរក្បាច់ លាបពណ៌ បង្កើនសោភណ្ឌភាពរួចរាល់ ត្រៀមចូលរួមអុំនិង ចែវប្រណាំង នាពេលខាងមុខ ។

ពិធីក្រុងពលីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ហុីង ភព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង ព្រមទាំងកីឡាករចំណុះទូកផងដែរ ។

លោក អិន សាវ៉ាន បានឲ្យដឹងថា ទូកឈ្មោះទេពធីតាសែនជ័យ បារមីជំទាវទេព ជាទូករបស់វត្តទេពធីតារាម ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ទូកនេះជាប្រភទទូកចែវ ដែលមានប្រវែង២៩,៧៣ ម៉ែត្រ និង មានចំណុះកីឡាករ ចំនួ ៤៦នាក់ ។

ទូកទេពធីតាសែនជ័យ បារមីជំទាវទេព ធ្លាប់បានទៅចូលរួមប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុកនៅមុខព្រះបរមរាជវាំង ចំនួន៤លើករួចមកហើយនិងទទួលបានជ័យជំនះជាបន្តបន្ទាប់ ។

លោក អិន សាវ៉ាន បានឲ្យដឹងទៀតថា ក្រៅពីទូកឈ្មោះទេពធីតាសែនជ័យ បារមីជំទាវទេពវត្តទេពធីតារាម នៅមានទូកអុំមួយទៀត ឈ្មោះបារមីទេពនិមិត្ត ដែលធ្វើពិធីក្រុងពលី ជាមួយគ្នានេះផងដែរ ។

សូមបញ្ជាក់ថា អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានប្រកាសគ្រោងនឹងធ្វើពិធីប្រណាំងទូក នៅក្នុងពេលខាងមុខ ដើម្បីបង្ករភាពសប្បាយជូនដល់បងប្អូនប្រជាពលរដ្ឋ ៕


